សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រថៃ មាតុភូមិនិវត្តន៌ ក្រោយពីបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាប្រកបដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីការបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ នៅល្ងាចថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២៣នេះ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រថៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៌វិញតាមជើងយន្តពិសេស ដោយមានការអញ្ជើញជូនដំណើរនៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ព្រមទាំងលោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃផងដែរ។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការដំបូងរបស់លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចកម្ពុជា ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។ 

 កិច្ចពិភាក្សានេះបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ កិច្ចការទូតទំនាក់ទំនងធុរកិច្ច ទំនាក់ទំនងប្រជាជន និង ប្រជាជន ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស ផ្លូវរថភ្លើង និងផ្លូវថ្នល់ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។ 

 ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។

 ដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃក្នុងឱកាសនេះ នឹងជំរុញនូវការពង្រឹងទំនាក់ទំនងដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យកាន់ល្អប្រសើរឡើងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ជាដើម និង ពង្រឹងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន នៃប្រទេសទាំង២ ផងដែរ៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print