ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្តីប្រពន្ធ២នាក់ចេញទៅនេសាទត្រីនៅក្នុងបឹងតាមោក ហើយបានជួបខ្យល់ព្យុះភ្លៀងបណ្តាលឲ្យលិចទូកនៅកណ្តាលផ្ទៃបឹងបង្កការភ្ញាក់ផ្អើលដល់ប្រជានេសាទចេញជួយតាមរាវរក។
ករណីនេះបានកើតឡើងនៅពីវេលា ម៉ោង២ និង៥៥នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបឹងតាមោក ភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺមានប្តីប្រពន្ធ២នាក់បាននាំគ្នាជិះទូកចេញទៅនេសាទត្រីជាងរៀងរាល់ថ្ងៃជាប្រចាំដើម្បីចិញ្ចឹមជីវិត ក្រោយពីចេញទូកទៅដល់កណ្តាលផ្ទៃបឹងស្រាប់តែជួបគ្រោះអកុសលត្រូវខ្យល់ព្យុះលាយឡំនិងភ្លៀងបណ្តាលឲ្យលិចទូក បាត់ប្រពន្ធនៅក្នុងទឹកតែម្តង។ ប្រភពពីប្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា ភ្លាមៗនោះរូបគាត់បានខំស្រែកឲ្យគេជួយនិងខំជ្រមុជរាវរកប្រពន្ធ តែភ្លាមនោះដោយខ្យល់និងរលកបោកបក់ខ្លាំងផងស្រាប់តែប្រពន្ធរបស់គាត់បានលិចបាត់នៅក្នុងទឹកតែម្តង ។ បន្ទាប់មកក៏មានទូកអ្នកនេសាទចេញមកជួយរាវរកដែរតែរកមិនឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមជួយរកផងដែរនៅតែមិនឃើញ។
តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោម អូន ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិធំត្បូង សង្កាត់ ពញ្ញាពន់ ខណ្ឌព្រែកព្នៅ និងមានប្តីឈ្មោះ ចក អាយុ៣៥ ឆ្នាំ រស់នៅភូមិធំត្បូងជាមួយនិងជនរងគ្រោះ ។
សមត្ថកិច្ចបានបន្តទៀតថា រហូតមកដល់ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៦នេះទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រមទាំងក្រុមគ្រួសារជនរងគ្រោះ បានកំពុងនាំគ្នារាវរកសពស្រ្តីរងគ្រោះនៅតែមិនទាន់ឃើញដដែល ហើយក៏បន្តស្វែងរកសពជនរងគ្រោះមិនហ៊ានឈប់នៅឡើយទេ៕
ដោយ៖ ព្រែកជ័យ