ភ្នំពេញ៖ អាយ៉ៃឆ្លើយឆ្លងរវាងតារាចម្រៀងជើសចាស់ អ្នកនាង ម៉ែងកែវ ពេជ្ជតា និងតារាសិចស៊ី ដេនីក្វាន់ បានលេចឡើងសារជាថ្មីក្រោយពីតារាចម្រៀងម៉េង កែវ ពេជ្ជតាចោទ ដេនី ក្វាន់ថា ជាអ្នកនៅពីក្រោយការគំរាមកំហែងតាមរយៈហ្វេសប៊ុក។ ការលើកឡើងនេះបានដុតកម្តៅឲ្យ ដេនី ក្វាន់ បន្តលេចចេញសារគម្រាមប្តឹងតារាចម្រៀងម៉េង កែវពេជ្ជតា ទៅតុលាការប្រសិនបើតារាចម្រៀងរូបនេះមិនធ្វើការសុំទោសនាងជាសាធារណៈ។ ឆ្លើយតបសារនេះ ម៉េង កែវពេជ្ជតា ហាក់មិនរអារនឹងការព្រមានឡើងរង្វង់ក្រចកសេះនៅមុខតុលាការនោះឡើយ ហើយជាការបញ្ជាក់ដាច់ស្រេចថានឹងមិនសុំទោលនាងជាដាច់ខាត ហើយបើកដៃឲ្យដេនីក្វាន់ប្តឹងផ្តល់តាមចិត្តនោះ។
បន្ទាប់ពីលេចធ្លាយសំឡេងដែលឮអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងថា ជនអនាមិកដែលបានគំរាមកំហែងពីសុវត្ថិភាពរបស់ខ្លួនតាមរយៈប្រព័ន្ធហ្វេសប៊ុក កាលពីពេលកន្លងមកនោះ គឺកញ្ញា ដេនី ក្វាន់ បានធ្វើឲ្យកញ្ញា ដេនីក្វាន់ កើតទុក្ខមិនសុខចិត្តនិងប្រតិកម្មភ្លាមៗអំពីការចោទប្រកាន់នាង។ ដេនីក្វាន់បានប្រកាសថា នាងមិនបានពាក់ព័ន្ធនឹងការគំរាមកំហែងលើតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា។ដេនី ក្វាន់ បានអះអាងថា ខ្លួននៅមិនទាន់ពិចារណារឿងប្ដឹងតារាជើងចាស់រូបនេះទៅកាន់តុលាការនៅឡើយទេដោយកញ្ញាប្រកាសទុកពេលឲ្យអ្នកនាង ម៉េង កែវពេជ្ជតា សុំទោសជាសាធារណៈ ប៉ុន្តែបើមិនមានការទទួលខុសត្រូវណាមួយនោះបណ្ដឹងតាមផ្លូវច្បាប់នឹងកើតមានឡើង។
កញ្ញា ដេនី ក្វាន់ បានបញ្ជាក់ថា បើទោះជាពាក្យសម្ដីចោទប្រកាន់របស់អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ខ្លួន និងគ្រួសារយ៉ាងណាក៏ដោយ ក៏កញ្ញានៅតែប្រកាសលើកពេលប្ដឹងផ្ដល់ ដោយសារតែយោគយល់ថា ក្រែងអ្នកនាង ម៉េង កែវពេជ្ជតា យល់ខុសមួយគ្រាហើយក៏ដើម្បីទុកកិត្តិយសឲ្យរៀមច្បងរូបនេះ បើអ្នកនាងចេញមុខសុំទោស ឬយកភស្ដុតាងការពារការចោទប្រកាន់របស់ខ្លួន ដើម្បីឲ្យនាងទទួលខុសត្រូវ។
តបតាមក្តៅចិត្តទៅនឹងការព្រមានប្តឹងពីតារាសម្តែង ដេនី ក្វាន់ អ្នកនាងម៉េង កែវ ពេជ្ជតា បានតបសារបែបចំអកឲ្យវិញថា”យើងអោយនាងប្តឹង តែយើងមិនសូមទោសនាងជាដាច់ខាត !!! នាងខុសនៅថ្លោសទៀត កុំស្រម៉ៃ !”។ តារាចម្រៀងរូបនេះបញ្ជាក់ថា មួយម៉ាត់ប្តឹង ពីរម៉ាត់ប្តឹង ងាគប្តឹង ងាគប្តឹង គំរាមរហូតហ្មងនាងអស្ចារ្យ ! មានអី ប្តឹងទៅ នាងមានសិទ្ធិតើ កុំបាច់ទុកពេល កុំបាច់សម្តែងអាណិតយើងស្អី គួរអាណិតខ្លួននាងវិញចុះ ។ តែបើពួកនាងនិយាយតែពីរឿងប្តឹងមិនចង់សន្តិភាព យើងក៏តាមព្រោះយើងមានសិទ្ធិប្តឹងបានដូចគ្នា ។ តារាចម្រៀងរូបនេះលើកឡើងថា” ការលួចយកសម្លេងសារផ្ទាល់ខ្លួនរបស់គេ ( Private inbox chatting ) ទៅចែកបង្ហោះដោយគ្មានការអនុញ្ញាតិពីម្ចាស់សម្លេង គឺជារឿងខុសច្បាប់ !!!” ។ អ្នកនាងថា “យើងក៏មិនមែនជាអ្នកនយោបាយ ឬឧក្រិដ្ឋជន ដែលចាំបាច់ត្រូវយកសម្លេងទៅស្តាប់ឬផ្សព្វផ្សាយជាសាធារណៈស្រេចតែចិត្តដែរ ។ មានហេតុទើបមានផល ។ មិនមែនឮសម្លេងតែប៉ុណ្ណេះ ហៅថាគ្រប់គ្រាន់ឡើយ ។ សារមិនមែនមានតែមួយ គឺនៅមានច្រើនទៀត ។ ខ្ញុំអាចបង្ហាញបើមានការចាំបាច់ណាមួយ ។” តារាចម្រៀងជើងចាស់រូបនេះបន្តថា “សារនេះ ជាងមួយខែហើយ យើងទេដែលជាជនរងគ្រោះត្រូវប្តឹងនាង តែយើងមិនប្តឹងផង បែរជានាងមកឈឺចាប់ស្រែករកយុត្តិធម៌ស្អីនៅពេលនេះ ? កុំភ្លេចថាអ្នកសរសេរពត៌មានគ្មានវិជ្ជាជីវដែលជាគ្រូធំរបស់នាងកំពុងធ្វើរឿងខុសបង្កើតចំណងកាន់តែច្រើនរហូតលែងហ៊ានចេញមុខហើយ ក៏ខំងាគទៅទាញក្បាលនាងមកឲ្យគេសំពងជំនួសវិញ ចំណែកខ្លួនឯងគេចយករូចខ្លួន តែគេចយ៉ាងណាក៏មិនផុតដែរ យើងនៅតែប្តឹងបានបើយើងចង់ ហើយប្តឹងច្រើនករណីទៀតផង” ។ អ្នកនាងពេជ្ជតាបញ្ជាក់ថា” ក្របីអាចវង្វេងបឹង តែជុងមិនភ្លេចកុកទេ ។ កាន់តែរើ កាន់តែតឹងដូចក្រពើរមិលគុណជាប់ចំណងតាបររទេះ” ។
គួររំលឹកដែរថា សង្គ្រាមពាក្យសម្តីដែលកាន់តែក្តៅគគុកនេះកាន់តែពុះកញ្ជ្រោលក្រោយពីសង្គ្រាមពាក្យសម្តីតិះដៀលគ្នាបែបអសុរសមួយចំនួនបានកើតមានម្តងហើយកាលពីអំឡុងខែឧសភា ប៉ុន្តែត្រូវស្ងប់ស្ងាត់ក្រោយដេនីក្វាន់ចេញមុខសុំទោសជាសាធារណៈ និងក្រោមការសម្របសម្រួលពីសមាគមន៍សិល្បករ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេថា តើដេនីក្វាន់ នឹងប្តឹងដូចការព្រមានដែរឬយ៉ាងណានៅឡើយទេ៕
ដោយ៖ វឌ្ឍនា