គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Joel Matip នៅចុងម៉ោងបានជួយឱ្យ Tottenham Hotspur ទទួលជ័យជម្នះលើក្រុមភ្ញៀវLiverpool ដែលមានគ្នា៩នាក់បន្ទាប់ពីកាតក្រហម២នាក់ក្នុងការជួបប្រកួត Premier League ដ៏ស្វិតស្វាញកាលពីរាត្រីថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៣ ក្នុងលទ្ធផល២ទល់១។
ក្រុមហង្សក្រហមត្រូវបានសម្របសម្រួលក្រោយមានកីឡាករទទួលបានកាតក្រហមដ៏ចម្រូងចម្រាសចំនួន២ ដែលកាតក្រហមទីមួយបានផ្តល់ទៅឱ្យ Curtis Jones សម្រាប់ការបង្កកំហុសលើ Yves Bissouma បន្ទាប់ពីលេងត្រឹមតែ២៦នាទីក្រោយពីឆែកVAR មុនពេលដែលកីឡាករបម្រុងពាក់កណ្តាលតង់ Diogo Jota បានកាតក្រហមមួយទៀត ដោយនៅសល់ជាង២០នាទីពីការបង្កកំហុសដែរនោះ។
នៅក្នុងការប្រកួតដែលក្រុមហង្សក្រហមកំពុងតវ៉ាពីភាពអយុត្តិធម៌បន្ទាប់ពីមានគ្រាប់បាល់បើកឆាកដោយ Luis Diaz ត្រូវបានច្រានចោលដោយការសម្រេចចិត្ត VAR ដ៏ចម្រូងចម្រាសមួយទៀតសម្រេចចិត្តមិនឲ្យគ្រាប់បាល់នេះ។
ប្រធានក្រុមមាន់ខ្នាយមាស Son Heung-min បានរកគ្រាប់បាល់នាំមុខ១គ្រាប់នៅតង់ទី១បានជួយ Spurs នាំមុខបណ្តោះអាសន្នពីការបញ្ជូនបាល់របស់ Richarlison គី៩នាទីមុនពេលពាក់កណ្តាលតង់។ ប៉ុន្តែក្រុមភ្ញៀវបានវាយបកតាមស្មើវិញនៅតង់ទី១ដដែលនៅពេលដែល Cody Gakpo ស៊ុតបញ្ចូលទីពីការតែតបាល់បញ្ជូនរបស់ Virgil van Dijk នៅនាទីទី៤៥+៤។
ក្រុមម្ចាស់ផ្ទះ Spurs មានឱកាសល្អជាងគូប្រកួតក្នុងតង់ទី២ ហើយអ្នកចាំទី Alisson របស់ Liverpool បានរារាំងពីការស៊ុត ដោយការសង្គ្រោះដ៏អស្ចារ្យពីការស៊ុតរបស់ Maddison និង Son ម្តងទៀត ខណៈដែលមានខ្សែការពារដ៏រឹងមាំរបស់ Liverpool នឹងធ្វើឱ្យពួកគេទទួលបានលទ្ធផលស្មើគ្នារហូតដល់វគ្គចប់តង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមទាំង២នៅតែមិនមានគ្រាប់បាល់បញ្ចូលទី ប៉ុន្តែនៅនាទីទី៦៩ កីឡាករ Diogo Jota របស់ហង្សក្រហមបានបង្កកំហុស ធ្វើឲ្យអាជ្ញាកណ្តាលផ្តាល់កាតក្រហមបណ្តេញចេញពីការប្រកួតដែលធ្វើឲ្យក្រុមភ្ញៀវមានគ្នាតែ៩នាក់ប៉ុណ្ណោះ រហូតដល់ជិតចប់ការប្រកួតទៅហើយ ពោលគឺនៅនាទីទី៩០+៦ ខ្សែការពារ Liverpool
Matip បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង ដែលសូម្បីតែអ្នកចាំទី Alisson ក៏មិនអាចជួយសង្គ្រោះបាន។
ការស៊ុតបញ្ចូលទីខ្លួនឯងនេះ បាននាំសំណាងឲ្យក្រុមម្ចាស់ផ្ទះ Spurs រកបានជ័យជម្នះក្នុងទឹកដីរបស់ខ្លួន ដែលធ្វើឲ្យក្រុមនេះឡើងទៅឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន ដែលបង្ហាញកំណត់ត្រាមិនទាន់ចាញ់នៅឡើយទេក្នុង៧ប្រកួតនៅ Premier League។ ចំណែកក្រុមហង្សក្រហម Liverpool ក្រោយពីបរាជ័យនេះបានបន្តឈរចំណាត់ថ្នាក់លេខ៤មាន១៦ពិន្ទុ និងជាការបរាជ័យលើកដំបូងក្នុងរដូវកាលនេះ ៕ (រូបភាព ៖ BBC Sport)