ភ្នំពេញ : នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ត្រូវនឹងថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ។
សូមបញ្ជាក់ថា : ភ្ជុំបិណ្ឌមានន័យថា ការប្រមូលផ្ដុំដុំបាយឱ្យមកជួបជុំគ្នា ក្នុងពិធីឧទ្ទិសបាយម្ហូបអាហារ ជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន ដែលមានទំនាក់ទំនងពីមុនមកនិងសមីខ្លួនដែលនៅរស់ ដើម្បីបានអាហារទាំងនោះទៅព្រលឹងខ្មោចដូនតារបស់ពួកគេ ពួកគេត្រូវរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិរបស់ពួកគេ ។ ពិធីបុណ្យភ្ជំុបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ តាមជំនឿពីបុរាណ គេនិយមយកបាយបត្តបូរ ដែលមានន័យថា បាយបំពេញបាត្រ គ្របដោយសារជី យកទៅរាប់បាត្រនាពេលព្រឹកព្រលឹមដើម្បី ប្រគេនភិក្ខុសង្ឃ នៅជុំវិញព្រះវិហ៊ារ ដែលភិក្ខុសង្ឃនិងដើរពីស្ដាំទៅឆ្វេង តាមក្បួនឧត្តរាព័ទ្ធ ដំណើរវិលបញ្ច្រាសទ្រនិច្ចនាឡិកា តំណាងឱ្យពេវេលាមុនៗ របស់មនុស្សដែលស្លាប់ទៅ ហើយសាច់ញាតិពួកគេ និង ឧទ្ទិសបាយទាំងនេះ ជាផលបុណ្យជូនទៅបុគ្គលដែលជាសាច់ញាតិពួកគេដែលជាប់ឃុំឃាំងនៅឋានរក ដើម្បីទុកជាកុសលជូនសាច់ញាតិពួកគេដើម្បីរំដោះកម្ម ។ ការរាប់បាត្រ រមែងធ្វើឡើងនៅជុំវិញព្រះវិហ៊ារ តែបច្ចុប្បន្ន ព្រះសង្ឃ និង គណៈអាចារ្យវត្តមួយចំនួនធំនៅ កម្ពុជា បែរជានាំពុទ្ធបរិស័ទ មករាប់បាត្រ នៅសាលាឆាន់ទៅវិញ ដែលជាភាពខុសឆ្គង ពីទំនៀមរបស់ខ្មែរបុរាណ ក្រោយបញ្ចប់ពិធីរាប់បាត្រ ក៏បន្តមកពិធីសូត្រធម៌បង្សុកូល ដែលមានន័យថា ជាកិច្ចសូត្រធម៌ទានចម្លងអាហារ ទៅកាន់ព្រលឹងខ្មោចដែលជាសាច់ញាតិរបស់ពួកគេ ដើម្បីឱ្យខ្មោចញាតិរបស់ពួកគេទទួលបានអាហារទាំងអស់នេះ ដែលកិច្ចពិធីនេះរមែងធ្វើឡើងនៅសាលាឆាន់នេះឯង ។
-ការសែន កន្ទោងបាយ
កន្ទោងបាយ គឺជា បាយសិង្ឃាដក៍ ដែលមានន័យថាបាយដែលគេពូតជាដុំៗ ពី១ដុំ ដល់ ១៥ដុំ តំណាងឱ្យថ្ងៃ១រោច ដល់ ១៥រោច រួចគេយកទៅដាក់សែននៅតាមកែងផ្លូវ ឬ កែងរបងវត្ត ដែលសន្មតថាជាបាយតំណាងឱ្យផ្លូវបែកជា៣ ឬ ផ្លូវបែកជា៤ ដើម្បីហៅពួកព្រលឹងខ្មោចផ្សេងៗ ឱ្យជួយស្វែងរកខ្មោចញាតិរបស់ពួកគេ ដើម្បីជួយនាំផ្លូវព្រលឹងខ្មោចញាតិរបស់ពួកគេមកកាន់តំបន់ខ្លួនរស់នៅ ព្រោះខ្លាចក្រែងញាតិរបស់ពួកគេស្វែងរកពួកគេគ្រប់៧វត្ត មិនឃើញក៏ជេរប្រទេចដាក់បណ្ដាសារកូនចៅខ្លួន ឱ្យលំបាលក្រក្សត់វេទនាផ្សេងៗ ។ (នៅមានត) ៕