រដ្ឋបាលខេត្តកំពតរៀបចំពិធីវេចនំប្រពៃណីខ្មែរក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីអភិរក្ស និងបន្តប្រពៃណីវេចនំខ្មែរកុំឱ្យបាត់បង់

ចែករំលែក៖

ខេត្តកំពត÷ដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណីខ្មែរ ព្រមទាំងបង្ហាញឱ្យយុវជនជំនាន់ក្រោយយល់ដឹង និងចេះវេចនំប្រពៃណីខ្មែរដែលមានតាំងពីដូនតាមក រដ្ឋបាលខេត្តកំពតបានរៀបចំពិធីវេចនំប្រពៃណីខ្មែរក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលមានការចូលរួមពីសំណាក់ចាស់ព្រឹទ្ធាចារ្យ យុវជន យុវតី ប្រមាណជាង ៦០០នាក់។

ក្នុងន័យចូលរួមអបអរសាទរ ក៏ដូចជាចូលរួមថែរក្សានូវនំប្រពៃណីខ្មែរដែលមានតាំងពីដូនតាមក រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបសលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត បានរៀបចំកម្មវិធីវេចនំប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលកម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាខេត្តកំពត។

តាមការឱ្យដឹងពីលោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពត បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ការបង្កើតឱ្យមានកម្មវិធីវេចនំប្រពៃណីខ្មែរនេះឡើង គឺមានគោលបំណងដើម្បីចូលរួមអភិរក្សនូវនំប្រពៃណីខ្មែរ ព្រមទាំងបង្ហាត់បង្ហាញយុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចេះចាំអំពីរបៀបនៃការវេចនំប្រពៃណីខ្មែររបស់ដូនតាយើង ដែលនំទាំងនេះគឺធ្វើឡើងនៅក្នុងរដូវបុណ្យភ្ជុំជារៀងរាល់ឆ្នាំ។ ហើយការវេចនំនេះ ក៏នឹងបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញឱ្យឃើញនូវការចេះជួយចែករំលែកនូវបទពិសោធន៍ផ្សេងៗពីចាស់ព្រឹទ្ធចារ្យទៅដល់យុវជនជំនាន់ក្រោយឱ្យបានចេះចាំអំពីរបៀបនៃការវេចនំ និងជំរុញឱ្យយុវជនជំនាន់ក្រោយបន្តប្រពៃណីវេចនំនេះទៅមុខទៀតកុំឱ្យមានការបាត់បង់។

លោកនាយករដ្ឋបាលបានឱ្យដឹងបន្ថែមទៀតថា ក្នុងពិធីនេះ រដ្ឋបាលខេត្តបានផ្តល់នូវអង្ករដំណើបចំនួន ៥០០គីឡូក្រាម សាច់ជ្រូក ១៥០គីឡូក្រាម សណ្តែកបាយ ១០០គីឡូក្រាម ផ្លែចេក ៧០ស្និត ដោយមានការចូលរួមវេចនំពីសំណាក់ចាស់ព្រឹទ្ធាចារ្យ សមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការសាលាខេត្តកំពត សរុបប្រមាណជា ៦០០នាក់។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលរដ្ឋបាលខេត្តកំពតបានធ្វើពិធីវេចនំប្រពៃណីខ្មែរនេះឡើង ហើយពិធីនេះនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង៕ ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print