ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា របាយការណ៍ដែលអានដោយរដ្ឋមន្ត្រីក្រសួងការងារ គឺសង្ខេបហើយ តែបើឱ្យលើកយករបាយការណ៍ក្បោះក្បាយលម្អិតពីអ្វីដែល រាជរដ្ឋាភិបាលដែលដឹកនាំរាប់អណត្តិមកនេះ ដោយផ្តល់អត្ថប្រយោជន៍ជាជំហានៗ បន្តបន្ទាប់ជូនដល់កម្មករ-កម្មការិនី បងប្អូនអង្គុយស្តាប់ពេញមួយថ្ងៃមិនអស់ ដោយសារច្រើនពេក។
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ប្រមាណចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា រាជរដ្ឋាភិបាល បានគិតគូរមានគ្រប់ទាំងអស់ ទាំងជីវភាពរស់នៅ តាំងពីប្រាក់ខែ ៤០ដុល្លារ ឡើងដល់ជាង ២០៤ដុល្លារ ក្នុងនោះមានទាំងកូន ទាំងចៅ ប្រាក់សោធនិវត្តន៍ និងសុខភាព ឥឡូវការគិតគូរសុខភាពមិនត្រឹមតែកម្មការិនីទេ គិតទាំងរូបមន្តឱ្យប្តី-ប្រពន្ធទៅទៀត។ ដូចនេះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា អត់មានថយក្រោយបោះបង់នូវអ្វីដែលបានខិតខំធ្វើជូនដល់កម្មករ-កម្មការិនីទេ មានតែបន្តខិតខំឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាប្រយោជន៍របស់ប្រជាជន នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួប៤លើកកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត បានថ្លែងបង្ហាញពីគោលនយោបាយ របស់រាជ រដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេស យុទ្ធ សាស្ត្របញ្ច កោណដំណាក់ កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការ យកចិត្តទុកដាក់ខ្ពស់លើ កំណើន ការងារ និងលើក កម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបកន្លងទៅនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាព ចំនួន ៦ ជូនទៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ខ្ពស់ ក្នុង ឆ្នាំ ២០២៣ នេះ។ ការងារ ទាំង៦នោះ រួម មាន៖
១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈ វិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុន ពេល ឈប់សម្រាកបុណ្យ ភ្ជុំបិណ្ឌ ។ ការងារនេះ បានចេញលទ្ធផលរួចហើយ ដោយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតសម្រេចយកតួលេខ២០២ដុល្លារ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ ២ដុល្លារអាមេរិកទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតឆ្នាំ២០២៤ ឡើងដល់ ២០៤ដុល្លារក្នុងមួយខែ។ តាមរយៈការកើនឡើងប្រាក់ឈ្នួលនេះ នឹងធ្វើជួយធ្វើឱ្យជីវភាពរបស់កម្មករ និយោជិត ក្រុមគ្រួសារកាន់តែល្អប្រសើរ។
២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបប សន្តិសុខ សង្គម ផ្នែកថែទាំសុខ ភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យ បានលឿន និងត្រូវផ្សព្វផ្សាយ ឱ្យបាន ទូលំ ទូលាយ ដលកម្មករនិយោជិត ព្រមទាំងបង្កើត យន្ត ការ ងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួម ជាមួយនឹងកម្មវិធីនេះ។
៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់ យុវជន មក ពី គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និង សម្របសម្រួលជាមួយភាគី ពាក់ ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គ បណ្តុះ បណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្រប តាមច្បាប់ស្តីពី ការ ងារ ដោយរួម បញ្ចូល កម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំ ជំនាញ ឡើង វិញ ដោយលើកទឹកចិត្ត វិស័យ ឯកជន ចូលរួមអនុវត្តកាតព្វកិច្ច ក្នុងការបណ្តុះបណ្តាល កម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាល បន្ថែមដល់ កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើក កម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។
៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន ពេល សម្រាល កូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមាន ភាព ងាយ ស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព បានចេញ ធ្វើការមុន ១៥នាទី។
៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ៕
ដោយ : សិលា