សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវរូបរួមគ្នារស់ ចែកគ្នារស់ ដោយនាំគ្នាថែរក្សាឆ្នាំងបាយ និងបង្កើនអង្ករក្នុងឆ្នាំង ការដំឡើងប្រាក់បៀរវត្សរ៍ជូនដល់កម្មករ-និយោជិតក្នុងវិស័យកាត់ដេរនិងដេរស្បែកជើងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ការដំឡើងប្រាក់បៀរវត្សរ៍ជូនដល់កម្មករ-និយោជិតក្នុងវិស័យកាត់ដេរនិងដេរស្បែកជើងនៅកម្ពុជា គឺជាការយកចិត្តទុកខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករ-និយោជិត ឲ្យកាន់តែប្រសើរឡើង ខណៈពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ប្រមាណចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការដំឡើងប្រាក់ខែដល់កម្មករ-និយោជិត គឺជាការចែកគ្នារស់ ទាំងនិយោជក ទាំងនិយោជិត និងដើម្បីរក្សាលំនឹងការវិនិយោគក្នុងស្រុក និងជាភាពទាក់ទាញបន្ថែមទៀតសម្រាប់ការវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ សម្តេចធិបតីបញ្ជាក់ថា បើការដំឡើងប្រាក់បៀវត្សរ៍ច្រើនពេក ច្បាស់ជាធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ឱកាសនៃការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ខណៈពេលដែលប្រទេសដទៃទៀតកម្មករ-និយោជិត មានប្រាក់បៀវត្សរ៍តិចជាងឆ្ងាយកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ស្មារតីដែលយើងត្រូវរួមគ្នា រស់តិច ឬច្រើន យើងចែកគ្នារស់ ត្រូវនាំគ្នាថែរក្សាឆ្នាំងបាយ និងបង្កើនអង្ករក្នុងឆ្នាំង និងរកឱកាសពង្រីកការងារបន្ថែមទៀត ដោយបង្កើនរោងចក្រឱ្យកាន់តែច្រើន ដើម្បីបងប្អូនយើងមានការងារធ្វើទាំងអស់គ្នា។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា : សម្ដេចមិនបានសម្រាកនោះទេរហូតដល់ម៉ោង ១២កណ្ដាលយប់ ក៏ព្រោះសម្ដេចនៅតែតាមដានអំពីព័ត៌មាន និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។

សម្ដេចបានលើកឡើង ថាសម្ដេចបានទទួលដឹងព័ត៌មានទាំងអស់ក៏ប៉ុន្តែសម្ដេចនិងលូកដៃទៅក្នុងអង្គភាពជំនាញនោះទេគ្រាន់តែបញ្ជាឲ្យអង្គភាពទាំងនោះពិនិត្យ។

 សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការងារមួយចំនួនសម្ដេចធ្វើផ្ទាល់ និងមួយចំនួនទៀតសម្ដេចបានបញ្ជាពីលើទៅអង្គភាពជំនាញឲ្យពិនិត្យ ពន្យល់ និងបកស្រាយ។ សម្ដេចថានេះជាការធ្វើនយោបាយរបស់សម្ដេចដោយតម្រូវឲ្យអង្គភាពជំនាញត្រូវមានទំនួលខុសត្រូវលើការងារខ្លួន និងពលរដ្ឋ។

សម្ដេចថា៖ «ទោះខ្ញុំមិនចេញធ្វើផ្ទាល់ខ្ញុំតាមដានរហូតអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើ»។

សម្ដេចបានលើកឡើងថា មានការងារជាច្រើនដែលសម្ដេចបានធ្វើទាក់ទងទៅនឹងបញ្ហាពន្ធដារ បញ្ហានៃការលួចចម្លងប្រាសាទអង្គរវត្ត បញ្ហានៃការតវ៉ារវាងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ដែលទាំងអស់នេះសម្ដេចទុកឱកាសឲ្យស្ថាប័នជំនាញធ្វើការដោះស្រាយនិងបកស្រាយទៅកាន់ប្រជាពលរដ្ឋ៕ 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print