Rangers បណ្តេញអ្នកចាត់ការ Beale ចេញបន្ទាប់ពីដឹកនាំមិនបានលទ្ធផលល្អ

ចែករំលែក៖

ក្លិប Rangers បានចែកផ្លូវជាមួយអ្នកចាត់ការទូទៅលោក Michael Beale បន្ទាប់ពីលទ្ធផលក្នុងរដូវកាលនេះមិនដូចការរំពឹងទុក។ នេះបើយោងតាមការប្រកាសរបស់ក្លិបនៅ Scottish Premiership កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ Rangers បានចាញ់ក្នុងលទ្ធផល ៣-១ ក្នុងផ្ទះក្រោមថ្វីជើងក្រុម Aberdeen កាលពីថ្ងៃសៅរ៍ ហើយកំពុងឈរនៅលេខរៀងទី៣ក្នុងតារាងពិន្ទុបន្ទាប់ពីចាញ់៣លើកក្នុងការប្រកួត៧លើកដំបូងរបស់ពួកគេ ដោយពួកគេមាន៧ពិន្ទុតាមពីក្រោយក្រុម Celtic ។

Rangers ក៏ត្រូវបានក្រុម PSV Eindhoven យកឈ្នះក្នុងលទ្ធផល ៧-៣ ក្នុងការប្រកួតវគ្គ Playoff Champions League របស់ពួកគេ ហើយបានធ្លាក់ចូលទៅក្នុងការប្រកួត Europa League កម្រិតទី២របស់ទ្វីបអឺរ៉ុប។

ក្លិប Rangers បានប្រកាសថា “ការសម្រេចចិត្តត្រូវបានសម្រេចនៅថ្ងៃនេះដើម្បីបញ្ចប់កិច្ចសន្យារបស់អ្នកចាត់ការទូទៅក៏ដូចជាកិច្ចសន្យារបស់គ្រូបង្វឹក Neil Banfield, Damian Matthew, Harry Watling និង Jack Ade”។ លោក John Bennett ប្រធានក្លិប Rangers បានបន្ថែមថា “វាច្បាស់ណាស់ថា លទ្ធផលបានធ្លាក់ចុះយ៉ាងខ្លាំង ពីការរំពឹងទុករបស់ក្រុមប្រឹក្សាភិបាល Michael’s និងការរំពឹងទុករបស់អ្នកគាំទ្រ”។ ក្លិបក៏បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា អតីតខ្សែបម្រើ Steven Davis នឹងដឹកនាំក្រុមគ្រប់គ្រងបណ្តោះអាសន្ន។

លោក Beale វ័យ៤៣ឆ្នាំបានចូលរួមជាមួយ Rangers វិញកាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីជំនួសតំណែងគ្រូបង្វឹកសញ្ជាតិហូឡង់លោក Giovanni van Bronckhorst បន្ទាប់ពីជាផ្នែកមួយនៃក្រុមបង្វឹកក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Steven Gerrard។ អតីតកីឡាករ Charlton Athletic លោក Beale ក៏ធ្លាប់ជាគ្រូបង្វឹកនៅក្លិប Queen’s Park Rangers ផងដែរមុនពេលចូលរួមជាមួយក្រុមស្កុតឡេន ៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print