លោក ឃួង ស្រេង មិនអនុញ្ញាតិឱ្យរថយន្ដដឹកទំនិញធំៗ ធ្វើចរាចរណ៏ឆ្លងកាត់ស្ពានព្រះមុនីវង្សទៀតទេ

ចែករំលែក៖

ភ្នំពេញ .រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតិឱ្យចរាចរណ៍ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពី វត្ដនិរោធ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈ តម្រាយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូល លើអាកាស បាននឹងកំពុងដំណើរការ សាងសង់ យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរ ណ៍រាល់ថ្ងៃ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈ ឯកឧត្ដម ដឹកនាំកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋា ភិបាល នារសៀលថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនិងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការចូលរួមពី ស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,កងកម្លាំង នៃអធិការដ្ឋានទាំង១៤ ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរកមធ្យោបាយដើម្បីដោះស្រាយការកកស្ទះចរាចរ ពិសេសគឺការសម្រួលក្បួនថ្នាក់ដឹកនាំអោយបានរលូន និងកាត់បន្តយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
លោក បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មាន បើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះ ចាប់ផ្តើមដំណើរការ កំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែម ទៀត។ ដូច្នេះហើយ ទើបជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំ ពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេស នៅរង្វង់មូលក្បាលថ្នាល់ និង នៅមុខក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកកស្ទះចរាចរ នៅតែបន្តកើតមាន ហើយយើងក៏នៅតែបន្តការដោះស្រាយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បើទោះបីការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ បានបញ្ចប់ ក៏ទីតាំងនេះ នៅតែប្រឈម នៃការបញ្ហាកកស្ទះដដែរទេ ព្រោះតែលំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១ ។ ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក ។ ក្រោយស្ពាន២នេះស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។
លោក ឃួង ស្រេង បន្តទៀតថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍នៅចំណុចខាងលើនេះ លោកបានណែនាំអោយកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាត ចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតិអោយធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះយើងមានផ្លូវវាងអោយពួកគាត់ហើយ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីអោយពួកគាត់ជ្រាបព័ត៌មាន និងបានវាងចេញពីតំបន់កកស្ទះនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការសម្រួលក្បួន និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលឆ្លងកាត់តំបន់ខាងលើ ត្រូវតែធ្វើឡើងដោយភាពម៉ត់ចត់ ពោលគឺសម្រួលក្បួនជូនប្រមុខថ្នាក់ដឹកនាំបានល្អហើយ កាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាអ្នកដំណើរថែមទៀត ពិសេសក្បួនទៅផុត កងកម្លាំងមិនត្រូវដកកម្លាំងភ្លាមទេ គឺត្រូវសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋអោយទៅជាធម្មតាវិញ ទើបដកកម្លាំងចេញបាន៕. សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print