តោះស្វែងយល់ អំពី ជំងឺមហារីកមាត់ធ្មេញ (Oral Cancer)!

ចែករំលែក៖

ភ្នំពេញ : ជំងឺមហារីកមាត់ធ្មេញ គឺជាដុំកោសិកាមហារីកដែលរីករាលដាលនៅក្នុងប្រអប់មាត់។ ដុំកោសិកាមហារីកនេះកើតចេញពីកោសិកានៅក្នុងប្រអប់មាត់ដោយផ្ទាល់ (Primary Lesion) ដូចជាអញ្ចាញធ្មេញ អណ្តាត តំបន់ក្រោមអណ្តាត ឆ្អឹងថ្គាម ក្រអូមមាត់ ផ្សេងៗ ឬក៏ជាដុំកោសិកាមហារីកដែលកើតមានដោយសារការរីករាលដាលពីដុំកោសិកាមហារីកផ្សេងទៀតក្នុងសារពាង្គកាយ (Metastasis from a distant site of origin)។

ជំងឺមហារីកមាត់ធ្មេញមានច្រើនប្រភេទណាស់ ហើយភាគច្រើនបំផុតប្រហែល ៩០% ជាប្រភេទ Squamous Cell carcinomas។ ភាគច្រើននៃជំងឺនេះ មានទីតាំងស្ថិតនៅលើអណ្តាត តំបន់ស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់ លើអញ្ចាញ លើក្រអូមមាត់ ជាដើម។

១) មូលហេតុ៖

   – កោសិកាមហារីកកើតឡើងដោយសារបម្រែបម្រួលខុសប្រក្រតីនៃ DNA (Oncogenes are activated as a result of mutation of DNA) ។

   – កត្តាប្រឈមសំខាន់ៗដែលធ្វើឲ្យងាយកើតជំងឺមហារីកមាត់ធ្មេញមានដូចជា: ការជក់បារី ការពិសារស្រា ការប្រើប្រាស់ស្លាម្លូយូរឆ្នាំ។

   – កត្តារួមផ្សំផ្សេងទៀតដូចជា អនាម័យមាត់ធ្មេញមិនល្អ ការរំខាន ឬភាពគ្រើមនៃធ្មេញសប្បនិមិ្មតដែលធ្វើឲ្យមុតជាដំបៅរ៉ាំរៃ អ្នកជំងឺខ្វះអាហារូបត្ថម្ភ។

   – កត្តាមេរោគ (Bacteria) ពពួកផ្សិត (Fungi) វីរុស (ឧទាហរណ៍ប្រភេទវីរុស HPV16) ។

២) បម្រែបម្រួលដំបូងជាដុំស្លូត មុនពេលឈានទៅរកដុំកោសិកាមហារីក “Premalignant lesion”៖

ជាដំណាក់កាលដំបូងនៃការប្រែប្រួលកោសិកា(នៅជាប្រភេទស្លូត) ដែលអាចប្រឈមទៅនឹងការវិត្តន៍ទៅជាកោសិកាមហារីក។

ដុំរឺដំបៅមានលក្ខណ:ស្លូត(Premalignant lesion)មានដូចជាៈ បន្ទះពណ៌ស (Leukoplakia), បន្ទះពណ៌ក្រហម (Erythroplakia) ឬ ដំបៅពណ៌ក្រហមលាយស (Mixed Red & white lesion),បន្ទះឆ្នូតស(Oral lichen planus), សាច់ដុំក្នុងមាត់ទ្បើងក្រិន(Oral Submucour Fibrosis )ជាដើម។ នៅដំណាក់កាលនេះ បម្រែបម្រួលកោសិកាមានតិចតួច ហើយអ្នកជំងឺមិនមានការឈឺចាប់ទេ។ 

ការប្រែប្រួលនេះអាចកត់សម្គាល់ និងដឹងដោយទន្តបណ្ឌិត ជាពិសេសគឺការច្រឹបសាច់យកទៅវិភាគ (Biopsy)។ ការពិនិត្យតាមដាន និងការព្រឹក្សាក្នុងការព្យាបាលក្នុងដំណាក់កាលដំបូងដោយមានបំរែបំរួលកោសិការតិចតួច (Mild dysplasia) និង បំរែបំរួលកោសិការកំរិតមធ្យម (Moderate dysplasia) ពិតជាមានសារៈសំខាន់មុនពេលកោសិកានេះក្លាយជាកោសិកាមហារីក នៅដំណាក់កាល បំរែបំរួលកោសិកាខ្លាំងនឹងមានកោសិកាមហារីក (Carcinoma in situ)**

៣) រោគសញ្ញា៖

   + ដំបូងៈ បន្ទះពណ៌ស បន្ទះពណ៌ក្រហម ឬ បន្ទះសលាយក្រហម

   + ដំណាក់កាលបន្តបន្ទាប់ៈ

      – ឡើងដុះជាដុំសាច់ហើយរីកលូតលាស់លឿន

      – ជាដំបៅក្នុងមាត់ ដែលមិនជា ហើយមានសភាពឈឺចាប់

      – ងាយក្នុងការហូរឈាម ហើយដុំសាច់អាចឡើងរឹង

      – ចាប់ផ្តើមស្ពឹកតំបន់មួយចំនួនដូចជាលើអណ្តាត ឬបបូរមាត់

      – ឈឺក្នុងត្រចៀក ក្បាល

      – ហាមាត់មិនរួច ស្ទះផ្លូវដង្ហើម

      – ពិបាកញ៉ាំ ស្រកទំងន់លឿន

      – ឡើងកូនកណ្តុរតាមតំបន់ក (Cervical lymphadenopathy) ផ្សេងៗ

៤) ការធ្វើរោគវិនិច្ឆ័យ៖

   – ការធ្វើរោគវិនិច្ឆ័យអាស្រ័យទៅលើទំហំប្រភេទនៃជំងឺ និងដំណាក់កាលនៃការវិវត្តន៍

   – ការពិនិត្យក្នុងមាត់ៈ ដុំសាច់រីកលូតលាស់លឿន មានសភាពរឹង ងាយចេញឈាម

   – ការច្រឹបសាច់យកទៅពិសោធន៍ (Biopsy) គឺបញ្ជាក់យ៉ាងច្បាស់ពីប្រភេទជំងឺមហារីកមាត់ធ្មេញ

   – ការអង្កេតផ្សេងទៀតដូចជា ថតឆ្លុះកាំរស្មីអ៊ិច អឹមអរអាយ ស្កេននែរ (Panoramic X-ray, Chest X-ray CT Scan, MRI) ដើម្បីដឹងពីទីកន្លែង នឹង ការរីករាលដាល

៥) ការព្យាបាល៖

ការព្យាបាលគឺ អាស្រ័យទៅតាមដំណាក់ការវិវត្តន៍នៃជំងឺ មានដូចជាៈ

   – ការវះកាត់យកដុំកោសិកាមហារីកចេញ (Radical Surgery)

   – ការព្យាបាលដោយប្រើប្រាស់កាំរស្មី (Radiotherapy)

   – ការព្យាបាលដោយប្រើប្រាស់ថ្នាំគីមី (Chemotherapy) 

   – ឬការរួមបញ្ចូលគ្នានៃវិធីសាស្ត្រព្យាបាលខាងលើ

   – ការព្យាបាលថែទាំដំណាក់កាលចុងក្រោយ (Palliative Theraphy)

៦) អនុសាសន៍ក្នុងការការពារជំងឺមហារីកមាត់ធ្មេញ៖

   – ធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អស្អាត

   – បញ្ឈប់ការជក់បារី ផឹកស្រា និងពិសារស្លាម្លូ

   – ក្នុងករណីមានដុំសាច់ ឬ ដំបៅ ឬភាពប្រែប្រួល មិនធម្មតាក្នុងមាត់ដែលបានកើតឡើងហើយមិនជា ឬបាត់ទៅវិញក្នុងរយៈពេល ២ទៅ ៣អាទិត្យ សូមមកព្រឹក្សាជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត។

   – ណាត់ជួបជាមួយទន្តបណ្ឌិតជារាងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញរបស់លោកអ្នក។

   – សូមយល់ថាការធ្វើរោគវិនិច្ឆ័យទាន់ពេលអាចកាត់បន្ថយនូវអត្រាស្លាប់ និងងាយស្រួលក្នុងការព្យាបាល។

ប្រសិនបើលោកអ្នកមានបញ្ហាមាត់ធ្មេញ ឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញរួសរាន់មកជួបពិគ្រោះជាមួយទន្តបណ្ឌិតឯកទេស នឹងក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់អោយទាន់ពេលវេលា ព្រោះអក្នជំងឺភាគច្រើនមកពិនិត្យនឹងព្យាបាលនៅដំណាក់កាល់ចុងក្រោយនៃជំងឺដែលមិនអាចជួយបាន។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print