សិក្ខាសាលាលើកទី២ ស្ដីពីការអនុវត្តផែនការមេតភ្ជាប់អាស៊ាន MPAC (MASTER PLAN ON ASEAN CONNECTIVITY) ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោកឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិ (National Coordinator) តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្រ្តីបង្គោលពាក់ព័ន្ធចូលរួមកម្មវិធីសិក្ខាសាលាលើកទី២ ស្ដីពីការអនុវត្តផែនការមេតភ្ជាប់អាស៊ាន MPAC (MASTER PLAN ON ASEAN CONNECTIVITY) ២០២៥។

 សិក្ខាសាលានេះមានការចូលរួមផ្ទាល់ពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ មន្ត្រីបង្គោលថ្នាក់ជាតិ អង្គភាពដឹកនាំអនុវត្ត (LIBs) និងអង្គភាពអាស៊ានតាមវិស័យពាក់ព័ន្ធ (ASEAN Sectoral Bodies) មកពីបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ពិនិត្យវឌ្ឍភាពការងារប្រចាំឆ្នាំ ក្នុងការអនុវត្តផែនការមេ MPAC ២០២៥ ពិនិត្យបញ្ហាប្រឈម និងជំហានបន្ទាប់ (២) ពិនិត្យ និងពិភាក្សាគំនិតផ្តួចផ្តើមថ្មី ដើម្បីជំរុញការអនុវត្តផែនការមេ MPAC ២០២៥ និងត្រៀមរៀបចំរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ដោយពិភាក្សា និងលើកសំណើអំពីមធ្យោបាយដែលអាស៊ានអាចកៀរគរការគាំទ្រក្នុងការជំរុញការអនុវត្ត និងតាមដានគំនិតផ្តួចផ្តើម MPAC ២០២៥  និង (៣) ផ្សារភ្ជាប់ជាមួយដៃគូសន្ទនា (Dialogue Partners) និងដៃគូខាងក្រៅផ្សេងទៀត (Other External Partners) ដើម្បីពង្រឹងភាពជាដៃគូដែលមានស្រាប់ និងបង្កើតភាពជាដៃគូថ្មីរបស់អាស៊ានក្នុងបរិយាកាសប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទបង្ហាញអំពីយន្តការរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តផែនការមេ MPAC ២០២៥, បញ្ហាប្រឈម ដំណោះស្រាយ និងអនុសាសន៍នានា ដើម្បីកែលម្អក្នុងការអនុវត្តផែនការមេ MPAC ២០២៥ ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុកនៅក្នុងផែនការសកម្មភាព ដែលមានចែងនៅក្នុងផែនការមេ MPAC ២០២៥។ 

ជាលទ្ធផល សិក្ខាសាលាលើកទី២ ស្ដីពីការអនុវត្តផែនការមេតភ្ជាប់អាស៊ាន បានដំណើរការដោយជោគជ័យ និងទទួលបានលទ្ធផលជាវិជ្ជមាន៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print