ជំនួយសម្រាប់អ៊ុយក្រែននឹងរងផលប៉ះពាល់ ដោយវិបត្តិនយោបាយអាមេរិក

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទួលស្គាល់ថាលោកពិតជាមានការព្រួយបារម្ភថាវិបត្តិនយោបាយរបស់សហរដ្ឋអាមេរិក អាចនឹងជះផលអាក្រក់ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ប៉ុន្តែបាននិយាយថាលោកនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយក្នុងពេលឆាប់ៗ ថាតើហេតុអ្វីបាន ជាចំាបាច់ត្រូវជួយអ៊ុយក្រែនបណ្ដេញកងទ័ពរុស្ស៉ីចេញពីប្រទេសរបស់ពួកគេ។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួរដែលសួរថាតើការដកតំណែងប្រធានរដ្ឋសភា លោក Kevin McCarthy ដោយសមាជិកសភាតំណាងរាស្ត្រគ្នាឯងមួយចំនួន ក្នុងគណបក្សសាធារណរដ្ឋ អាចនឹងបង្កឧបសគ្គបន្ថែមដល់ការផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ដែរឬក៏យ៉ាងណា? ជាការចម្លើយឆ្លើយតប លោក បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា «វាពិតជាធ្វើឱ្យខ្ញុំព្រួយបារម្ភ … ប៉ុន្តែខ្ញុំដឹងថាមានសមាជិកភាគច្រើននៃរដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សទាំង២ ដែលនិយាយថាពួកគេគាំទ្រការផ្ដល់ជំនួយដល់អ៊ុយក្រែន»។
សភាទាំង២ របស់សហរដ្ឋអាមេរិកបានបញ្ចៀសការបិទរដ្ឋាភិបាល ឬ Shutdown កាលពីចុងសប្ដាហ៍មុន ជាមួយការបោះឆ្នោតអនុម័ត លើកញ្ចប់ថវិកាបណ្ដោះអាសន្ន ដើម្បីឱ្យរដ្ឋាភិបាលដំណើរការរហូតដល់ខែវិច្ឆិកា។ ប៉ុន្តែ ក្នុងកញ្ចប់ថវិកានេះមិនមានបញ្ចូលជំនួយយោធាថ្មីសម្រាប់ អ៊ុយក្រែននោះទេ។ មួយវិញទៀត ការកត់សម្គាល់របស់លោក ចូ បៃដិន បានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរការយល់ឃើញ បន្ទាប់ពីសេតវិមានកាលពីថ្ងៃអង្គារ បាននិយាយថាលោក ចូ បៃដិន ប្រាប់សម្ព័ន្ធមិត្តនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថាលោកផ្ទាល់មានជំនឿចិត្តថាកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន នឹងត្រូវបានអនុម័ត៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print