ខេត្តសៀមរាប៖ មន្ទីរសាធារណការខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ លេខ២៦៦ ក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ ទន្ទឹមនឹងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកមួយចំនួននៃខេត្តសៀមរាបបានស្រុកចុះ ដោយឡែកក្នុងស្រុកជីក្រែងមិនទាន់មានភាព ល្អប្រសើរនៅឡើយ ដោយក្នុងនោះស្ថានភាពទឹកបាននិងកំពុងជន់ឡើងលិចផ្លូវខេត្តលេខ ២៦៦ (កំពង់ក្តី- ខ្វាវ) ដែលបង្កឱ្យមានការព្រួយបារម្ភ។
ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូម ធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ ២៦៦ (កំពង់ក្តី-ខ្វាវ) នេះ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី៕ដោយ៖សហការី