ភ្នំពេញ៖ មុននេះមានការជជែកគ្នាជុំវិញការប្រើប្រាស់ឈុតសម្លៀកបំពាក់សម្រាប់កញ្ញាឯកនៅលើឆាកអន្តរជាតិ ព្រោះតែកន្លងទៅឈុតដែលក្រុមហ៊ុនរៀបចំជូនកញ្ញាឯកហាក់មិនទាន់ស្អាតប្រណីតស័ក្កិសមទៅនឹងកញ្ញាឯកតំណាងប្រទេស ហើយការព្រួយបារម្ភនេះត្រូវបានកើតមានចំពោះកញ្ញាឯកចក្រវាឡ ចន សុទីម៉ាដែរ។ ទោះជាយ៉ាងណាមុននេះនាងបានបញ្ជាក់ប្រាប់អ្នកគាំទ្រហើយជុំវិញរឿងនេះគឺនាងនឹងចំណាយប្រាក់ផ្ទាល់ខ្លួនលើការរៀបចំឈុតចេញទៅប្រគួតលើឆាកអន្តរជាតិ។
ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២៣ កញ្ញា ចន សុទីម៉ា បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការតំណាងឲ្យកម្ពុជាចូលរួមកម្មវិធីប្រគួតកញ្ញាឯកច្រវាឡ២០២៣ នៅលើទឹកដីនៃប្រទេសអែលសាល់វ៉ាឌ័រ នៅអំឡុងពាក់កណ្តាលខែ ខែវិច្ឆិកា ឆ្នាំ ២០២៣។ អ្វីដែលជាការព្រួយបារម្ភអំពីឈុតសម្លៀកបំពាក់ផ្សេងៗ ពិសេសឈុតរាត្រីសមោស ដែលនាងនឹងស្លៀកដើម្បីចូលរួមប្រគួត ព្រោះតែពួកគាត់ចង់ឃើញកញ្ញាឯកពីកម្ពុជារូបនេះស្លៀកសម្លៀកបំពាក់ប្រណីតដែលឆ្នៃដោយទឹកដៃអ្នកជំនាញនៅកម្ពុជាយ៉ាងសម្រិតសម្រាំងឲ្យស័ក្កិសមទៅនឹងកិត្តិយស និងកេរឈ្មោះដែលនាងមានហើយអ្នកគាំទ្របានបង្ហាញការពេញចិត្តទៅនឹងឈុតសម្លៀកបំពាក់ជាច្រើនរបស់នាងដែលបានស្លៀកក្នុងគ្រាប្រគួតលើឆាកក្នុងស្រុកនោះថាមានភាពស្រស់ស្អាតទាក់ទាញ ប្រណីត រហូតបង្កើនភាពលេចធ្លោរ។ ទីបំផុតការចង់បានរបស់អ្នកគាំទ្របានដូចចំណងហើយគឺកញ្ញាឯករូបនេះបានបញ្ជាក់ហើយថា ឈុតគ្រប់ផ្នែកទាំងអស់រាប់ចាប់តាំងពីការធ្វើដំណើរចេញពីកម្ពុជា ឈុតសម្រាប់ស្លៀកចូលរួមក្នុងកម្មវិធីទស្សនកិច្ច ក្នុងវគ្គបទសម្ភាសន៍ឈុតសម្រាប់ថ្ងៃប្រគួតបឋម និងថ្ងៃផ្តាច់ព្រ័ត្រគឺនាងជាអ្នករ៉ាប់រងដោយខ្លួនឯងតាមរយៈការស្នើសុំទៅកាន់ក្រុមហ៊ុនផ្ទាល់។ គេនៅមិនទាន់ដឹងនៅឡើយទេអំពីទំហំនៃការចំណាយលើការទិញសម្ភារៈសម្លៀកបំពាក់សម្រាប់ចេញទៅប្រគួតលើឆាកអន្តរជាតិនោះថាមានចំនួនប៉ុណ្ណាទេ ប៉ុន្តែច្បាស់ណាស់នាងនឹងទទួលការជួយជ្រោមជ្រែងពីហាងកាត់ដេរសម្លៀកបំពាក់ល្បីឈ្មោះនៅកម្ពុជាជាក់ជាមិនខាន។ អ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់សម្រាប់នាងឡើងឆាកប្រគួតក្នុងស្រុកដែលមានភាពលេចធ្លោរក៏ត្រូវបានគេស្គាល់ដែរមានដូចជាហាង សុផលកាត់ដេរជាដើម។ ដំណើរទៅកាន់ឆាកអន្តរជាតិសម្រាប់បេក្ខភាពតំណាងពីកម្ពុជា ជំនាន់ទី៧ នៅសល់ពេលមិនច្រើនថ្ងៃឡើយគឺនាងត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
គួរបញ្ជាក់ដែរថា ចន សុទីម៉ា បានគ្រងមកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២៣ ឬMiss Universe Cambodia 2023 កាលពីរាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣។ ការឈ្នះមកុដរបស់នាងបានធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯក ពេញចិត្តខ្លាំងព្រោះតែពួកគេសង្កេតឃើញពីការការខិតខំប្រឹងប្រែង ទេពកោសល្យ រូបសម្រស់ សមត្ថភាព ការតាំងចិត្ត ។ ចន សុទីម៉ា ធ្លាប់ប្រឡូកក្នុងវិស័យបវរកញ្ញា យ៉ាងច្រើនជាមួយនឹងបទពិសោធន៍ពេញខ្លួនផងដែរដោយកន្លងមកនាង ត្រូវគេស្គាល់ថា អតីតជាបវរកញ្ញាលំដាប់រងទី២ ក្នុងការប្រកួតសម្រស់បវរកញ្ញាចក្កវាឡកម្ពុជា ២០១៩។ មិនតែប៉ុណ្ណោះនាងជាម្ចាស់ជ័យលាភីរងទី៤ (4th Runner Up)នៃកម្មវិធីអន្តរជាតិ Miss Tourism International 2019 ធ្វើនៅឯប្រទេសម៉ាឡេស៊ី និងជាជយលាភីកញ្ញាឯកប្រចាំឆ្នាំ ២០១៩ និងឆ្នាំ ២០២០ Miss Dreaming Girl of the year 2019-2020 ហើយក៏ធ្លាប់ជាកញ្ញាឯករងទី២ (2nd Runner Up) នៃកម្មវិធី Miss Grand Cambodia 2017 ផងដែរ។ នាងអាចប្រជែងឈ្នះបេក្ខភាពលេចធ្លោរកញ្ញា សៃហ្វុន ដែលជាអតីត មកុដកញ្ញាឯកភេទទី៣ Miss Queen Cambodia ២០២០ ៕
ដោយ៖ វឌ្ឍនា