អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំលើកទី៦ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ

ចែករំលែក៖

ភ្នំពេញ : នាថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំលើកទី៦ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានសមាសភាពចូលរួមពីតំណាងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), តំណាង Swisscontact Cambodia, តំណាងសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD), តំណាងក្រុមហ៊ុន Maersk, អ្នកជំនាញការពាក់ព័ន្ធ, និងមន្ត្រីគយនិងរដ្ឋាករ ជាច្រើនរូបទៀត។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងលើកទិសដៅដើម្បីបន្តអនុវត្តគម្រោង:

 (១). ធ្វើឌីជីថលនីយកម្មលើពាណិជ្ជកម្មតាមផ្លូវសមុទ្រ (DGMT), ។

 

(២). ធ្វើឌីជីថលនីយកម្មលើពាណិជ្ជកម្មតាមផ្លូវអាកាសនិងផ្លូវគោក (DGT), ។

(៣). តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា ។

និង(៤).ការដាក់អនុវត្តកម្មវិធីប្រតិបត្តិករបានទទួលការអនុញ្ញាត (AEO Implementation)។

 នាឱកាសនោះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងពីសារសំខាន់នៃគម្រោងខាងលើ ដែលនឹងរួមចំណែកក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយនិងការធ្វើសាមញ្ញកម្មនីតិវិធីគយ ជាពិសេសនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing)។ បន្ថែមលើនេះ  លោកបណ្ឌិត ក៏បានរំលេចអំពីតួនាទីរបស់ធុរជន និងប្រតិបត្តិករពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ក្នុងការចូលរួមអនុវត្តគម្រោងខាងលើ ដែលឯកឧត្ដមបណ្ឌិតចាត់ទុកថា ជាតួអង្គមិនអាចខ្វះបាន។

បន្ទាប់មក តំណាងដៃគូអភិវឌ្ឍន៍និងអ្នកជំនាញការបានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តនាពេលខាងមុខ តាមគម្រោងនីមួយៗ។ តាមរយៈបទបង្ហាញនិងការពិភាក្សាអំពីគម្រោងទាំងអស់ខាងលើ អង្គប្រជុំបានកត់សម្គាល់ឃើញថា គម្រោងមានវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមនិងការងារសេសសល់មួយចំនួន ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយនិងអនុវត្តឱ្យបានទាន់ពេលវេលាកំណត់។ 

ក្រោយពីស្តាប់បទបង្ហាញរបស់តំណាងដៃគូអភិវឌ្ឍន៍និងអ្នកជំនាញការ លោកបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការ និងក្រុមការងារ ជាពិសេស GIZ និង Swisscontact Cambodia ដែលបានជួយគាំទ្រទាំងផ្នែកប្រឹក្សាយោបល់និងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យគម្រោងទាំងនេះអាចអនុវត្តបានពេញលេញ។ ទន្ទឹមនេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា ការអនុវត្តសាកល្បងគម្រោង DGMT និងគម្រោងតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា ដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ធុរជន ប្រតិបត្តិករពាក់ព័ន្ធ និងសាធារណជន ក្នុងកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត គុណ ញឹម ក៏បានធ្វើផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារដូចខាងក្រោម៖

-រៀបចំសិក្ខាសាលាផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគម្រោង DGMT ដោយអញ្ជើញភាគីពាក់ព័ន្ធដូចជា សភាពាណិជ្ជកម្មកម្ពុជា(CCC), សមាគមភស្តុភារកម្មកម្ពុជា(CLA), សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា (CAMTA), សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(TAFTAC) ជាដើម។

-រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់មុខងារប្រព័ន្ធនៃគម្រោងខាងលើ ជូនផ្នែកឯកជន និងមន្ត្រីគយនិងរដ្ឋាករ។

-អញ្ជើញប្រតិបត្តិករបញ្ញើរហ័សពាក់ព័ន្ធដើម្បីចូលរួមផ្តល់ធាតុចូលក្នុងគម្រោង DGT ឱ្យបានច្រើន។

-បន្តអនុវត្តការងារតាមផែនការ និងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានចប់តាមការគ្រោងទុក ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print