ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរ ទិវាសុខភាពភ្នែក ពិភពលោក នាថៃ្ងព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការ ថែទាំ និងការពារសុខភាពភ្នែក។
ចាប់តាំងពីឆ្នាំ២០០០ មក អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់ បង្ការភាពពិការភ្នែក បានរៀបចំ ទិវាសុខភាពភ្នកពិភពលោក នៅថៃ្ងព្រហស្បតិ៍សប្ដាហ៍ទី២ នៃខែ តុលារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែបានចូលរួម អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ជារៀងរាល់ឆ្នាំផងដែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពីការថែទាំសុខភាពភ្នែក ជូនដល់ប្រជាពលរដ្ឋ។
សម្រាប់ឆ្នាំ២០២៣ នេះ ប្រធានបទនៃការអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ “ស្រឡាញ់ភ្នែក របស់អ្នកពេលបំពេញការងារ” ដែលនេះសំដៅលើកកម្ពស់ការយកចិត្តទុកដាក់លើចំណុចដូចតទៅ៖
ផ្ដោតការយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពនានាដើម្បីការពារភ្នែក ពីគ្រោះថ្នាក់ទាំងឡាយដែល អាចកើតឡើងនៅកន្លែងបំពេញការងារ។
– ជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងដៃគូនានា ជួយផ្ដល់ការណែនាំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែកឱ្យបានទៅពិនិត្យភ្នែកដោយមិនមានឧបសគ្គ។
ជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងដៃគូនានា ឱ្យយកចិត្តទុកដាក់លើគោល នយោបាយ ស្តីពីសុវត្ថិភាពនិងសុខភាពភ្នែកនៅកន្លែងធ្វើការ។
ក្រសួងសុខាភិបាលសូមអំពាវនាវ និងណែនាំនូវវិធានការដូចខាងក្រោម៖
១. នៅកន្លែងបំពេញការងារតាមរោងចក្រ ឬសហគ្រាស និយោជកត្រូវមានវិធានការសុវត្ថិភាពចំពោះ ការងារ ដែលអាចបង្កហានិភ័យ ឬគ្រោះថ្នាក់ ដោយផ្ទាល់ ឬដោយប្រយោលដល់ភ្នែករបស់និយោជិត។
២. ចំពោះបងប្អូនកម្មករសំណង់ ជាងដែក ជាងឈើ កម្មកររោងជាងក្នុងសហគ្រាសតូចៗ និងសិប្បកម្ម នានា ត្រូវពាក់វ៉ែនតាសុវត្ថិភាព ឬរបាំងការពារភ្នែក និងអនុវត្តវិធានការសុវត្ថិភាពនានា ដើម្បីធានា នូវសុវត្ថិភាពភ្នែកឱ្យបាន១០០% ក្នុងអំឡុងពេលបំពេញការងារ។
៣. បុគ្គលិក មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុវត្ថិភាពដើម្បីធានាសុខភាព ភ្នែកឱ្យបានល្អ និងមើលឃើញបានច្បាស់ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់។
៤. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក ប្រញាប់រួសរាន់ទៅពិនិត្យព្យាបាលភ្នែក នៅតាមទីកន្លែងផ្តល់សេវាពិនិត្យនិងព្យាបាលភ្នែក ដែលនៅជិតបំផុតដើម្បីបង្ការ ឬព្យាបាលឱ្យបាន ទាន់ពេលវេលា។
ដើម្បីចូលរួម អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ឱ្យកាន់តែមហោឡារិក អគារចក្ខុសាស្ត្រ និងមណ្ឌលថែទាំភ្នែក នៅគ្រប់បណ្តាខេត្ត ដោយសហការជាមួយអង្គការដៃគូ នឹងផ្តល់ការពិនិត្យ និង ព្យាបាលភ្នែក ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
យើងទាំងអស់គ្នាចូលរួមក្នុងការទប់ស្កាត់និងកាត់បន្ថយភាពពិការភ្នែក និងការចុះខ្សោយនៃគំហើញ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតនៅកម្រិតទាបបំផុតតាមដែលយើងអាចធ្វើបាន។ សូមប្រសិទ្ធពរជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ជាពិសេសមានសុខភាពភ្នែកល្អ៕
ដោយ : សិលា