ភ្នំពេញ : បន្ទាប់ពីពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅសាលាបឋមសិក្សាភ្នំពេញថ្មី នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តារាជធានី-ខេត្ត បានរៀបចំយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនសម្រាប់កុមារីអាយុ៩ឆ្នាំ នៅតាមសាលាបឋមសិក្សា ទាំងសាលារៀនរដ្ឋ និងឯកជន នៅតាមភូមិសហគមន៍ និងមណ្ឌលសុខភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះតទៅ។
យុទ្ធនាការនេះ រៀបចំឡើងក្រោមកិច្ចសហការពីក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត ជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការរួមមាន Gavi ,WHO, UNICEF,CHAI ក្នុងការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន «តែមួយដូសប៉ុណ្ណោះ» ដល់កុមារីម្នាក់ៗ មានអាយុ៩ឆ្នាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នាឱកាសដ៏វិសេសវិសាលនេះ ក្រសួងសុខាភិបាលសូមអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលរបស់សិស្ស នាំបុត្រធីតារបស់ខ្លួនមកទទួលការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ៩ឆ្នាំ ឱ្យបានគ្រប់ៗគ្នា ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានសារៈសំខាន់ សម្រាប់ការពារពីជំងឺមហារីកមាត់ស្បូននៅកម្ពុជា ដែលជាយុទ្ធសាស្ត្រការពារដ៏ចម្បងមួយ ដើម្បីឆ្ពោះទៅរកការលុបបំបាត់នូវជំងឺមហារីកមាត់ស្បូនឱ្យបានទាំងស្រុងនាពេលអនាគត៕