រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី Sri Mulyani Indrawati បាននិយាយថា ថវិការដ្ឋឆ្នាំ 2023 របស់ប្រទេសឥណ្ឌូនេស៊ីចំណាយប្រហែល 25.000 ពាន់លាន Rp (ស្មើនឹង 1,7 ពាន់លានដុល្លារ) សម្រាប់ដំណើរការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ 2024។
លោកស្រី Sri Mulyani បាននិយាយថា ចំនួនថវិកានឹងគ្រប់គ្រាន់សម្រាប់ចំណាយក្នុងការរៀបចំការបោះឆ្នោតទូទៅ ហើយរដ្ឋាភិបាលនឹងផ្តល់ប្រាក់បន្ថែមនៅក្នុងថវិការដ្ឋឆ្នាំ 2024។
ទិន្នន័យពីក្រសួងហិរញ្ញវត្ថុបង្ហាញថា ថវិកាដែលបានកំណត់សម្រាប់ការបោះឆ្នោតសកលនេះ មាន 15.400 ពាន់លានRp ត្រូវបានបែងចែកទៅឱ្យគណៈកម្មាធីការរៀបចំការបោះឆ្នោត (KPU), 6.900 ពាន់លាន Rp ដល់ភ្នាក់ងារត្រួតពិនិត្យការបោះឆ្នោត (Bawaslu) និង Rp 2,600 ពាន់លានសម្រាប់ក្រសួងពាក់ព័ន្ធ។
ប្រទេសឥណ្ឌូនេស៊ីនឹងបើកការចុះឈ្មោះបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតីចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។
ប្រធានាធិបតី Joko Widodo ក៏ធ្លាប់បានធានាផងដែរថា រដ្ឋាភិបាលនឹងផ្តល់មូលនិធិចាំបាច់សម្រាប់ការបោះឆ្នោតសកលឆ្នាំ 2024 ជាពិសេសប្រសិនបើការបោះឆ្នោតប្រធានាធិបតីធ្វើឡើងក្នុងជុំទីពីរ។
អ្នកបោះឆ្នោតឥណ្ឌូនេស៊ីប្រហែល 205 លាននាក់នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសមាជិកព្រឹទ្ធសភា និងសភាតំណាងនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ២០២៤។ គណបក្សនានាអាចចុះឈ្មោះបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីពីថ្ងៃទី ១០-២៥ ខែតុលាឆ្នាំ២០២៣។ បច្ចុប្បន្នមានបេក្ខភាពប្រធានាធិបតីដ៏មានសក្តានុពលចំនួនបីរូប៖ រដ្ឋមន្ត្រីការពារជាតិ Prabowo Subianto អតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo និងអតីតអភិបាលក្រុង Jakarta លោក Anies Baswedan ៕ ដោយធីរីណា
រូបថត: kompas