ភ្នំពេញ ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ប្រពន្ធ និងកូនស្រី កាលពីថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានសាកសួរមនុស្សមួយចំនួន និងឆ្លងតាមជំនាញបានកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យនៅខេត្តសៀមរាប ប៉ុន្តែជនសង្ស័យខាងលើត្រូវបានបន្តរត់គេចខ្លួនទៅដល់ខេត្តបន្ទាយមានជ័យ។
បន្ទាប់មកកម្លាំងជំនាញបានកំណត់ទីតាំងយ៉ាងច្បាស់លាស់ ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបកម្លាំងជំនាញសហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បាននៅចំណុចភូមិចាន់គិរី សង្កាត់ប៉ោយម៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយចាប់ខ្លួនជនដៃដល់ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលជាម្ចាស់ករណី អនុវត្តនីតិវិធីបន្ត៕ដោយ៖ ស សម