ខេត្តមណ្ឌលគិរី៖ រថយន្តធុនធ្ងន់ ម៉ាក HYUNDAI ចំនួន២ គ្រឿង ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម ត្រូវបានមន្ត្រីគយចល័តតំបន់៦ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបបានយកមករក្សាទុក ដេីម្បីអនុវត្តនីតិវិធីបន្ត។
យោងតាមរបាយការណ៍របស់កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៩ ខែតុលា ឆ្នាំ២០២៣នេះថា ករណីចាប់រថយន្ត HYUNDAI ចំនួន២ គ្រឿងនេះ បានធ្វេីឡើងស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន ប៊ិនហ្វឿក នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៨ ខែតុលាម្សិលមិញនេះ។
ប្រភពដដែលបន្តថា រថយន្តធុនធ្ងន់ទាំងពីរគ្រឿងនេះ ជាប្រភេទ រថយន្តបែនដឹកដី ម៉ាក HYUNDAI ក្រោយពីឃាត់បង្ក្រាបរួចកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកបណ្ណោះអាសន្ន នៅស្នាក់ការសន្តិសុខ ៧៦១ នៅក្នុងស្រុកកែវសីមា ដើម្បីមន្ត្រីជំនាញផ្ទៀងផ្ទាត់ឯកសារផ្លូវច្បាប់ ពីព្រោះរថយន្តខាងលើនេះ មន្ត្រីជំនាញ កំពុងដាក់ការសង្ស័យថា ពុំមានបង្កាន់ដៃបង់ព័ន្ធនាំចូល៕ដោយ៖អរុណរះ