ខេត្តកោះកុង៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង លោក សេង ប៊ុណ្ណា បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣នេះថា៖ ប្រជាសហគមន៍នេសាទនៅខេត្តកោះកុងប្រមូលទិន្នផលនេសាទទាំងទឹកប្រៃ និងសាបបាន ៤.៣៤០ តោន ក្នុងរយៈពេល៩ ខែចុងឆ្នាំ២០២៣នេះ។
លោកនាយខណ្ឌរដ្ឋបាលរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ទិន្នផលនេសាទឆ្នាំនេះ កើនឡើងប្រមាណតែ ១៥ ភាគរយប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ហើយត្រូវបាននាំចេញទៅលក់ក្រៅប្រទេស និងរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។ ការកើនឡើងតិចតួចបែបនេះ ក៏ដោយសារតែកម្មករនេសាទមួយចំនួនបានងាកចាប់មុខរបរធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត និងកង្វះការបញ្ជាទិញពីឈ្មួញកណ្ដាលផងដែរ។
លោកថ្លែងបន្តថា៖ ក្រៅពីការប្រមូលនេសាទបែបលក្ខណៈធម្មជាតិ ក៏មានកែច្នៃផលិតផលជលផលសម្រាប់លក់ចេញទៅកាន់ទីផ្សារ ក្នុងនោះទទួលបាន ១.៣០០ តោន និងផលិតជាទឹកត្រីបានចំនួន ២ ម៉ឺន ២ ពាន់លីត្រ។ បង្កើតជាធនាគារក្តាមសេះបានចំនួន ៦ កន្លែង ស្មើនឹង ១១ បែរ និងបានដាក់មេក្តាមពងក្នុងធនាគារក្តាមបានចំនួន ៣៩២ ក្តាម ស្មើនឹង ៣៦.៧ គីឡូក្រាម។
បន្ថែមពីនេះ លោក សេង ប៊ុណ្ណា បានសង្កត់ធ្ងន់ថា ចំពោះការងារនេសាទប្រមូលផលនេសាទតាមបែបលក្ខណៈវារីវប្បកម្មវិញ គឺទទួលបានចំនួន ៥២០០ តោន ក្នុងនោះមានត្រីទឹកប្រៃ ត្រីទឹកសាប គ្រែងឈាម ខ្យងចំពុះទា បង្គារស និងក្តាមថ្ម ជាដើម។
គួរជម្រាបជូនដែរថា ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ក្នុងរយៈពេល៩ ខែឆ្នាំ២០២៣នេះ ក៏បានធ្វេីការបង្ក្រាបបទល្មើសនេសាទដែលច្បាប់ហាមឃាត់ចំនួន ២៨ ករណី រួមមានដោយសង្ខេប លបកន្ទុយកណ្តុរ ការបូមខ្សាច់នៅក្នុងតំបន់គ្រប់គ្រងអណ្តើកហ្លួង ទូកអួនអូសនៅក្រៅតំបន់អនុញ្ញាតចំនួន ០៥ គ្រឿង រុះរើដកបង្គោលបង្គោលស៊ុគ្រែងឈាមចំនួន ៥១ បង្គោល ដកហូតឈ្នាងអូសគ្រែងឈាមចំនួន ១៨ ឈ្នាង ឃាត់ចាប់នាវានេសាទគ្មានលិខិតអនុញ្ញាត ១គ្រឿង ចាប់ទូកនេសាទដោយប្រើឧបករណ៍អួនក្រឡាញឹក រុះរើរបាំងស្បៃមុងប្រវែង ១២០ ម៉ែត្រ លបស្បៃមុងបង្គោលចំនួន ១២០ដើម និងលែងខ្យងសចូលធម្មជាតិវិញចំនួន ៥០បាវ ស្មើ ៣ ០០០គីឡូក្រាម។
លើសពីនេះទៅទៀត ខណ្ឌរដ្ឋបាលជលផលខេត្ត បានផ្សព្វផ្សាយអប់រំយល់ដឹងអំពីសារៈសំខាន់ នៃការចូលរួមការពារអភិរក្សធនធានជលផលដល់ពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំ មានការពិន័យជាប្រាក់ពីឈ្នួល និងអ្នកនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់សរុប ១៨លានរៀល គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ហើយបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចំនួន ២ករណីផងដែរ៕ដោយ៖សហការី