ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីការលើកលែងការផាកពិន័យបំណុលនិងការលើកទឹកចិត្តខាងពន្ធដារ អ្នកចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់កម្មករ និងបុគ្គលិកនៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតដើម្បីឱ្យសហគ្រាសនោះកាន់តែរឹងមាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏នឹងជួយដល់បងប្អូនប្រជាពលរដ្ឋមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគារផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋប្រកបមុខរបរទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាលទាំងអស់ ខណៈកម្មវិធីគោលនយោបាយអាទិភាពទាំងអស់របស់រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ នឹងដាក់ឲ្យដំណើរការនៅដំណាច់ឆ្នាំ២០២៣ នេះតែម្តង។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានបញ្ជាក់ថា គោលដៅធំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជួយប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ប៉ុន្តែទស្សនវិស័យរបស់រាជរដ្ឋាភិបាលគឺមានច្បាស់លាស់ ដោយអាចបាញ់សត្វបានបី ក្នុងការប្រើប្រាស់ព្រួញតែមួយ ពោលគឺពង្រឹងបងប្អូន ជួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនគឺបងប្អូន ស្ថិតនៅក្នុងភាពងាយរងហានិភ័យ និងជីវភាពក្រីក្រជាដើមនោះ។
សូមបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ រួមមាន៖
១.ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។
៣.ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និងគ្រាមានគ្រោះអាសន្ន។
៤.ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។
៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
និងទី៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕
ដោយ : សិលា