ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះក្នុងបញ្ជីដើម្បីទទួលបានការលើកទឹកចិត្ត និងការគាំពារផ្សេងៗផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចុះឈ្មោះក្នុងបញ្ជីរបស់ប្រជាពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ គឺជាការលើកទឹកចិត្ត មិនមែនជាការបង្ខិតបង្ខំនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការចូលរួមពីប្រជាពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ដល់អាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងការលើកលែងពន្ធផ្សេងៗផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីជួយដល់ប្រជាពលរដ្ឋដែលកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គោលនយោបាយយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងអាទិភាពចំនួន៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅទាំង៣នៃយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមាន៖
ទី១- ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ។
ទី២- ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈគោលនយោបាយគាំពារសង្គមនានា ។
និងទី៣- ជួយជំរុញដលកំណើនសេដ្ឋកិច្ចជាតិ៕
ដោយ : សិលា