ប្រទេសឥណ្ឌូនេស៊ី៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជួបពិភាក្សាការងារទ្វេរភាគីជាមួយលោកស្រី សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេស សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ចូ បៃឌិននៅសណ្ឋាគារ សេរ៉ាថោន ទីក្រុងម៉ាកាសា សាធារណៈរដ្ឋឥណ្ឌូនេស៊ី។
លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ថា ការជួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ានពិតជាមួយសារៈសំខាន់សម្រាប់វិស័យពិការភាព និងស្នើធ្វើយ៉ាងណាជួយដល់បណ្តាប្រទេសក្នុងអាស៊ានឱ្យបានច្រើនថែមទៀត។
ក្នុងជំនួបទ្វេរភាគីនោះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជម្រាបជូនលោកស្រី សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេស សហរដ្ឋអាមេរិកថា វិស័យពិការភាពនៅកម្ពុជាគឺទទួលបានកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលក្នុងនោះទីភ្នាក់ងារសហរដ្ឋអាមេរិសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។
រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា ក៏បានជម្រាបជូនលោកស្រី សារ៉ា មិនការ៉ា ដែលថាអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះវិស័យពិការភាព ដោយលោកគឺជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាសកម្មភាពជនពិការ។
លោក ឯម ច័ន្ទមករា បានបន្តទៀតថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺបាននិងកំពុងបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព មានការរៀបចំផ្លូវថ្មើជើងសម្រាប់ជនពិការភ្នែក ហើយនៅតាមក្រសួង-ស្ថាប័នរដ្ឋក៏ដូចជាឯកជន រួមទាំងនៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ រមណីដ្ឋាន កន្លែងកំសាន្តនានាក៏បាននិងកំពុងរៀបចំនូវផាសុកវត្ថុដែលរួមមានជណ្តើរយោង ចំណតយានយន្ត បន្ទប់ទឹកមានធ្នាក់ដៃជាដើម សម្រាប់ជនមានពិការភាព។
បច្ចុប្បន្ននេះក្រសួងសង្គមកិច្ច និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាព ន័យនេះគឺជាការវិវឌ្ឍថ្មីមួយទៀតក្នុងវិស័យពិការភាពនៅកម្ពុជា។ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់ភាគីសហរដ្ឋអាមេរិកចូលរួមជួយផ្នែកបច្ចេកទេសដើម្បីត្រៀមការអនុវត្តច្បាប់នេះនាពេលខាងមុខ។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា បានស្នើដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជួយពង្រឹងសមត្ថភាពអំពីការលើកកម្ពស់សិទ្ធិជនមានពិការភាពដល់អ្នកជំនាញច្បាប់រួមមានមេធាវី ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីនគរបាលយុត្តិធម៌។ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា ក៏បានស្នើដល់ភាគីសហរដ្ឋអាមេរិក ចូលរួមជួយកផ្នែកបច្ចេកទេសដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីពិការភាព និងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពនៅកម្ពុជា។
លោក ឯម ច័ន្ទមករា បានជម្រាបជូនលោកជំទាវ សារ៉ា មិនការ៉ា ពិនិត្យលទ្ធភាពផ្តល់ជំនួយជួយកម្ពុជាក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ការបង្កលក្ខណៈងាយស្រួយ ឬផាសុកវត្ថុសម្រាប់ជនមានពិការភាពនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងសាកល្បងក្នុងខេត្តណាមួយនៅ។
ជាការឆ្លើយតបលោកស្រី សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេស សហរដ្ឋអាម៉េរិក បានសម្តែងនូវការចាប់អារម្មណ៍និងរីករាយទទួលស្វាគមន៍ចំពោះសំណើរផ្លូវការពីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចការងារដ៏មានសារៈសំខាន់នេះជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ លោកជំទាវ សារ៉ា មិនការ៉ា ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ដើម្បីអញ្ជើញធ្វើទស្សនៈកិច្ចមកព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកស្រី សារ៉ា មិនការ៉ា មានប្រសាសន៍បញ្ជាក់ថា “កម្ពុជាពិតជាដៃគូសំខាន់របស់យើង។ យើងប្តេជ្ញាចិត្តចំពោះពិការភាព មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងលើទ្វេភាគីជាមួយប្រទេសកម្ពុជា ដូច្នេះខ្ញុំគិតថាមានការងារល្អដែលត្រូវធ្វើ។”
នៅចុងបញ្ចប់នៃកិច្ចជំនួបទ្វេរភាគីនោះ លោក ឯម ច័ន្ទមករា បានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជានិងសហរដ្ឋអាម៉េរិកនឹងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត ពិសេសដើម្បីឧត្តមប្រយោជន៍របស់ជនមានពិការភាព៕
ដោយ : សិលា