ខេត្តសៀមរាប : លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងថា នឹងផ្តល់កូនឈើចំនួន ១០ម៉ឺនដើមដល់ការអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់នេះ ឱ្យមានភាពបៃតង ស្អាត និងចីរភាព ។ ការថ្លែងឡើងនេះ គឺនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នារដ្ឋបាលក្រុងសៀមរាប ខេត្តសៀមរាប ។
នៅចំពោះមុខ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាប្រធានអង្គប្រជុំ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ជូនថា ការស្តារ និងដាំដើមឈើឡើងវិញ គឺជាទិសដៅអាទិភាពដែលក្រសួងបរិស្ថានបានដាក់ចេញ តាមរយៈយុទ្ធនាការ ១០ តុលា ២០២៣ ក្នុងន័យបង្កើនគម្របព្រៃឈើឲ្យបាន៦០% ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ តាមរយៈការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំនៃយុទ្ធនាការនេះ នឹងជួយពង្រីកវិសាលភាពគម្របព្រៃឈើឡើងវិញ និងជាពិសេសលើកទឺកចិត្តដល់ប្រជាពលរដ្ឋដែលចង់ចូលរួមចំណែកក្នុងការពារ និងអភិរក្សព្រៃឈើ ។
ជាមួយនឹងការថ្លែងរបស់ លោករដ្ឋមន្រ្តី អង្គប្រជុំបានសាទរ និងគាំទ្រចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងការរួមចំណែកធ្វើឱ្យមានភាពបៃតងស្អាត ក្នុងការអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង ដែលស្ថិតនៅក្នុងទឹកដីអច្ឆរិយ និងជាមណ្ឌលពេញដោយវប្បធម៌ចំណាស់ជាងគេក្នុងតំបន់អាស៊ី។
ការដាំដើមឈើជារៀងរាល់ឆ្នាំ ក្នុងនោះរាប់បញ្ចូលទាំងការដាំឬស្សី ដាំដើមត្នោត ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន ព្រមទាំងការចូលរួមជាមួយដៃគូនានា បានរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាសកលលើការប្រែប្រួលអាកាសធាតុ៕
ដោយ : សហការី