ភ្នំពេញ : នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ លោក បួរកែវ ភូមិវង្សសៃ បានសម្តែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រដ៏លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា កន្លងទៅ ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិថ្មីនេះ ។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។ មួយវិញទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា ចំណងមិត្តភាពឡាវ-កម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រអស់រយៈកាលជាយូរលង់ ហើយមូលដ្ឋានដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនរីកលូតលាស់ទៅមុខ បន្ថែមពីលើពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ នៅក្នុងវិស័យអប់រំ, ទេសចរណ៍ និងឧស្សាហកម្ម ជាដើម ។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី នៅក្នុងជំនួបនេះ ដើម្បីពិភាក្សាអំពីទិសដៅនៃការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយក្នុងនេះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបមុនៗរវាង សម្តេចធិបតី ជាមួយនឹង លោកនាយករដ្ឋមន្ត្រីឡាវ ចំនួនពីរដង នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងការចូលរួមក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្នុងប្រទេសចិន ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា ពិតមែនតែចំណងការទូតផ្លូវការរវាងប្រទេសទាំងពីរ មានរយៈពេលតែ ៦៧ ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង ។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលនៃជំនួបជាមួយ លោកប្រធានាធិបតីឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ របស់ សម្តេចធិបតី ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២២ ដោយក្នុងនេះ ឯកឧត្តមប្រធានាធិបតីឡាវ បានបញ្ជាក់អំពីបំណងក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋាភិបាល, ស្ថាប័នសភា, ប្រជាជន និងកងទ័ព ក៏ដូចជារវាងយុវជននៃប្រទេសទាំងពីរ ។ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកយោធា, សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យបន្តអនុវត្ត “លំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម (CLV)” ដែលត្រូវបានរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ។
ជាចុងក្រោយ សម្តេចធិបតី និង លោកឯកអគ្គរដ្ឋទូតឡាវ បានឯកភាពគ្នាលើទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យថាមពល, ទេសចរណ៍, ពាណិជ្ជកម្ម, ការបោះបង្គោលព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធស្ពាន-ផ្លូវ ជាដើម ។ល។
ដោយ : សិលា