ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានប្រកាសអំពីជំហរក្នុងការចូលរួមចំណែកបន្តដាំ ការពារ និងមើលថែព្រៃឈើជាថ្មីដើម្បីបរិស្ថាន។ ការបញ្ជាក់ពីជំហរជាថ្មីនេះត្រូវបានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសរសើរពីការលះបង់របស់តារាចម្រៀងរូបនេះថាគឺជាសកម្មភាពដ៏ល្អក្នុងការចូលរួមថែទាំនិងការពារព្រៃឈើនិងជាគំរូរបស់មហាជន។
កន្លងមកតារាចម្រៀង មាស សុខសោភា បានចំណាយពេលវេលាមួយចំនួនពីការច្រៀងរបស់នាងចូលរួមដាំ និងការពារដើមឈើនៅតំបន់មួយនៃខេត្តកំពង់ស្ពឺ ។ រូបថតដែលតារាចម្រៀង មាស សុខសោភា ធ្លាប់បានចូលរួមសកម្មភាពថែទាំព្រៃឈើ និងការងារដាំដុះកូនឈើកន្លងមកត្រូវបាននាងលើកយកមកបង្ហោះសារជាថ្មីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង។ ការរំលេចរូបថតទាំងនេះក៏កើតមានឡើងក្រោយពីតារាស្រីរូបនេះទទួលបានការសរសើរពីប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា។ តារាចម្រៀងរូបនេះបញ្ជាក់ជាមួយរូបថតអនុស្សាវរីយ៍ជាច្រើនសន្លឹកនេះថា “នាងខ្ញុំសូមអគុណទៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានសរសើរនាងខ្ញុំចំពោះសកម្មភាពដាំដើមឈើ និងបំបួសកូនឈើ”។ នាងថ្លែងដែរថាពិតណាស់ក្នុងនាមជាពលរដ្ឋម្នាក់ ដែលចូលចិត្តធម្មជាតិ អ្វីដែលនាងអាចធ្វើបានគឺការដាំដើមឈើ។ ដូចេ្នះនាងសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តថែរក្សា និងដាំបន្ថែមដើម្បីអនាគតយើងនិងកូនចៅយើងនាពេលខាងមុខ។ នាងបញ្ជាក់ថា” យើងទាំងអស់គ្នាបានដឹងហើយថា ព្រៃឈើមានអត្ថប្រយោជន៏ច្រើនណាស់ក្នុងការរស់នៅរបស់យើងសព្វថ្ងៃដូចជា ជាជំរកសត្វព្រៃ ការការពារគ្រោះធម្មជាតិពីទឹកជំនន់ បំរែបំរួលអាកាសធាតុ និងអត្ថប្រយោជន៍ជាច្រើនទៀត…..”។ អ្វីដែលនាងស្នើនោះគឺសូមជូនពរបងប្អូនជនរួមជាតិ សូមបន្តការថែរក្សាការពារព្រៃឈើ និងបន្តុះបន្ថែមតទៅទៀត ដើម្បីឲ្យប្រទេសយើង ជាប្រទេសដែលសំបូរទៅដោយព្រៃឈើ។
ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ពោលកោតសរសើរពីទឹកចិត្ត ដែលនាងចេះស្រលាញ់ធម្មជាតិ និងចូលរួមដាំដើមឈើ បើទោះជានាងរវល់ការងារសិល្បៈយ៉ាងណាក៏ នាងឆ្លៀតយកពេលទៅមើលថែធម្មជាតិដែរ។ ការថ្លែងនេះគឺក្រោយពីសម្តេចបានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាមច្ឆាជាតិ ១ កក្កដា ឆ្នាំ២០១៦ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយសម្តេច មានប្រសាសន៍សរសើរទៅលើតារាចម្រៀងប្រចាំផលិតកម្មថោន រូបនេះថា ជាទឹកចិត្តក្នុងការស្រលាញ់ និងចូលរួមដាំដើមឈើ ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់តារាចម្រៀង មាស សុខសោភា ដែលបានធ្វើសកម្មភាពចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ហើយក៏ជំរុញឲ្យអ្នកសិល្បៈធ្វើសកម្មភាពបំផុសចលនាស្មារតីចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិទាំងអស់គ្នាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាកាប់បំផ្លាញព្រៃឈើ និងបំផ្លាញធនធានធម្មជាតិ គឺជារឿងឈឺក្បាលមួយ ដែលរាជរដ្ឋាភិបាល យើងត្រូវនាំគ្នាបំបាត់។ ការថ្លែងនេះគឺក្រោយពេលដែលតារាចម្រៀងរូបនេះបានឆ្លៀតពេលដ៏មមាញញឹក និងសកម្មភាពការងារសិល្បៈដែលស្ទើរកពេលសម្រាកគ្មាន ធ្វើការបំផុស និងដឹកនាំសិល្បករចេញទៅបំបួសដើមឈើ និងដាំកូនឈើក្នុងតំបន់មួយចំនួននៅខេត្តកំពង់ស្ពឺ ដែលជាតំបន់រងការគំរាមកំហែងនៃការកាប់បំផ្លាញព្រៃឈើនោះ៕
ដោយ៖ វឌ្ឍនា