ខេត្តកំពត៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែងឱ្យដឹងថា៖ ក្នុងរយ:ពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានប្រមាណជាង ៩៦,៥៦៥នាក់ ដែលមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២។
លោកប្រធានមន្ទីរូបនេះ បានគូសបញ្ជាក់ថា ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានី ចំនួន ៩៥ ៥៦៥នាក់ បានចូលមកសម្រាកលម្ហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត។
បន្ថែមពីនេះ លោកប្រធានមន្ទីរ បានគូសបញ្ជាក់ទៀតថា ចំនួនភ្ញៀវទេសចរឆ្នាំនេះគឺមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៩៥ ៤២០នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១ ១៤៥នាក់។
ដោយឡែក ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរបស់ខ្មែរ សម្រាប់ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស អញ្ជើញមកលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្ត មានចំនួនសរុប៦៣,០៦៦នាក់ (ភ្ញៀវជាតិ ៦២,១៩០នាក់ និងភ្ញៀវបរទេស៨៧៦នាក់)។ នេះបើតាមការបញ្ជាក់ពីលោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។ ចំណែកសម្រាប់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយមានភាពល្អប្រសើរផងដែរ៕ដោយ៖សហការី