ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យសិល្បករបន្តរក្សាបាននូវភាពថ្លៃថ្នូររបស់ខ្លួន និងបញ្ឈប់នូវរាល់ការប្រើប្រាស់ពាក្យសម្តីអសីលធម៌ជេរប្រមាថគ្នាពិសេសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ថៃ នរៈសត្យា រដ្ឋលេខាក្រសួង បានទទូចសុំឲ្យតារាសិល្បៈបញ្ឈប់ការប្រើពាក្យសម្ដីអសុរោះជាសាធារណៈ ដោយក្រសួងចាត់ទុកថា នេះជាទង្វើនាំឲ្យប៉ះពាល់ដល់តម្លៃរបស់សិល្បៈ និងស្ត្រីខ្មែរ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សិល្បករគឺជាបុគ្គលដែលមានអំណោយផលពីធម្មជាតិលើសពីមនុស្សដែលមានអាជីពផ្សេង ដោយសារតែតារាទាំងនោះមានទឹកដមសំឡេងល្អ និងមានរូបសម្រស់ស្រស់ស្អាត ទើបបានក្លាយជាតារាល្បី។
ដូច្នេះលោកស្រីយល់ថា ជាការសោកស្ដាយប្រសិនបើតារាណាម្នាក់បន្ទាបតម្លៃខ្លួនឯងដោយសារតែរឿងចង់ឈ្នះចង់ចាញ់ហើយបង្ហោះសំណេរអសុរសផ្សេងៗជាសាធារណៈ ដែលធ្វើឲ្យមានការប៉ះទង្គិចដល់តម្លៃអ្នកសិល្បៈទូទៅ។ លោកស្រីថា តារាសិល្បៈគួរតែប្រើពេលវេលាសិក្សាចំណេះវិជ្ជាឲ្យបានជ្រៅជ្រះបន្ថែមពីលើទេពកោសល្យដែលមានស្រាប់ ដើម្បីលោតឲ្យផុតនូវរឿងចង់ឈ្នះចង់ចាញ់ ហើយងាកមកគិតពីសេចក្ដីថ្លៃថ្នូររបស់ខ្លួនឡើងវិញ។
លោកស្រីបន្តទៀតថា ក្នុងនាមជាតារាមហាជន តារាគ្រប់រូបត្រូវធ្វើជាគំរូនូវគ្រប់សកម្មភាពដោយមិនមែនសម្អាងថា ជារឿងរបស់ខ្លួនក៏ចេះតែតុបតែងខ្លួនស៊ិចស៊ីហួសហេតុ អាងតែជារឿងបុគ្គលក៏បង្ហោះសំណេរអសុរោះជាសាធារណៈឈ្លោះជាមួយអ្នកនេះជាមួយអ្នកនោះ ដោយមិនគិតពីផលប៉ះពាល់នោះឡើយ។
លោកស្រីបានថ្លែងពីការសោលកស្តាយផងដែរនៅពេលដែលបានឃើញសារឈ្លោះគ្នារបស់សិល្បករជាមួយមហាជននិងអ្នកសិល្បៈដូចគ្នា ដោយមានទាំងការប្រើពាក្យមិនសមរម្យផងដែរ។ លោកស្រីរដ្ឋមន្ត្រីក៏ស្នើឲ្យអ្នកសិល្បៈធ្វើការជជែកគ្នាដោះស្រាយគ្នាជាជៀងមាក់ងាយគ្នា និងប្រើសម្ដីចង់ឈ្នះចង់ចាញ់ដែលនាំមហាជនទម្លាក់តម្លៃរបស់អ្នកសិល្បៈទាំងមូល ។
ថ្លែងស្រដៀងគ្នានេះដែរ លោក ថៃ នរៈសត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកថា តារាសិល្បៈ គួរកុំប្រើមធ្យោបាយចង់ឈ្នះចង់ចាញ់ ហើយធ្វើខ្លួនឲ្យមានការប៉ះពាល់ជាសាធារណៈ។ លោកបន្តទៀតថា ប្រសាសន៍របស់លោកស្រីរដ្ឋមន្ត្រី គឺជាការពញ្ញាក់អារម្មណ៍ធំមួយដើម្បីឲ្យតារាសិល្បៈចេះស្រឡាញ់តម្លៃខ្លួនឯង ហើយចេះស្វែងរកវិធីដោះស្រាយផ្សេងដើម្បីកុំឲ្យមានការមើលស្រាលពីសំណាក់មនុស្សទូទៅ។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា ក្រសួងវប្បធម៌មិនមានចំណាត់ការចំពោះករណីតារាសិល្បៈឈ្លោះគ្នា និងតារាសិល្បៈប្រើពាក្យសម្ដីអសុរោះមិនសមរម្យជាសាធារណៈដាក់គ្នានោះទេ ប៉ុន្តែលោកស្រី ភឿង សកុណា បានអះអាងថា ប្រសិនបើករណីដែលបានកើតវាមានកម្រិតធ្ងន់ធ្ងរ ហើយធ្វើឲ្យប៉ះពាល់ដល់តម្លៃអ្នកសិល្បៈខ្លាំងពេក នោះក្រសួងនឹងមានវិធានការដូចគ្នានឹងករណីដែលបានណែនាំទៅលើ ដេនី ក្វាន់ ដូច្នេះដែរ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរក៏ទទូចសុំឲ្យតារាសិល្បៈចេះរម្ងាប់អារម្មណ៍ និងចេះធ្វើខ្លួនឲ្យមានតម្លៃឲ្យស្របនឹងប្រជាប្រិយភាពរបស់ខ្លួនផងដែរ។ លោកថា តារាសិល្បៈគួរងាកមករួបរួមគ្នាគាំទ្រករណីតារាគ្នាឯងមានទុក្ខជាជាងប្រើពេលឈ្លោះគ្នា ឬហែកហួរគ្នាដែលនាំឲ្យតម្លៃរបស់អ្នកសិល្បៈនិងសង្គមចុះខ្សោយ។ លោករំពឹងថា សិល្បករនឹងព្យាយាមគិតពីកិត្តិយសមុខមាត់ និងតម្លៃរបស់ខ្លួនងាកមជជែកគ្នាស្រលាញ់រាប់អានគ្នាជាជាងពាក់មុខយក្សដាក់គ្នា៕
ដោយ៖ វឌ្ឍនា