ប្រទេសចិន៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានថែ្លងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា លើគម្រោងចំនួនពីរ គឺ (i) គម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង (ii) អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០ គីទ្បូម៉ែត្រ ។ ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ថ្មីនេះ ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន China Datang Corporation Ltd. និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា ហើយដែលបានដំណើរការដោយជោគជ័យ ។ ទន្ទឺមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដោយក្នុងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ ៕ដោយ៖ស តារា