ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះដាល នៃសំណង់អគារខ្ពស់ៗ ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស, កំពង់ផែសមុទ្រទឹកជ្រៅ, និងការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត ផងដែរ។
បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងឱ្យដឹងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះថា៖ បច្ចុប្បន្នសំណង់អគារ នៅខេត្តព្រះសីហនុមានចំនួន ១០៦៩ អគារ ស្មើនឹង ៩៦៥ គម្រោង ក្នុងនោះសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន ៤៧៥ អគារ ស្មើនឹង ៤៣៤ គម្រោង។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា សំណង់អគារដែលបានសាងសង់រួច និងមិនទាន់ដំណើរការប្រើប្រាស់មានចំនួន ១៧៧ អគារ ស្មើនឹង១៦១ គម្រោងសំណង់អគារកំពុងដំណើរការសាងសង់មានចំនួន ៥៣ អគារ ស្មើនឹង ២៩គម្រោង និងអគារផ្អាកការសាងសង់ជាបណ្តោះអាសន្ន (ជាប់គាំង) មានចំនួន ៣៦៤ អគារ ស្មើនឹង ៣៤១ គម្រោង ដែលភាគច្រើនជាគម្រោងវិនិយោគរបស់ជនជាតិចិន។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានពន្យល់ថា៖ «ក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩ មានលំហូរទុនវិនិយោគ ទីផ្សារកាស៊ីណូ និងអចលនទ្រព្យ ដែលធ្វើឱ្យមានកំណើនយ៉ាងគំហុកនៃអគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ ដល់ឆ្នាំ ២០២០-២០២២ ដោយសារការចាកចេញរបស់ទីផ្សារ វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកល ធ្វើឱ្យបាត់បង់វិនិយោគ និងទីផ្សារ ក្នុងនោះមានគម្រោងវិនិយោគ និងអគារជាប់គាំងជាច្រើនដូចបានបង្ហាញតួលេខខាងលើ»។
សូមជម្រាបដែរថា តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ។
ក្នុងនោះរាជរដ្ឋាភិបាលសម្រេច ដូចជា៖
-ដាក់ចេញ “វិធានការជាកញ្ចប់” ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យមសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។
-“វិធានការជាកញ្ចប់” នេះ រួមបញ្ចូល ១) ការកំណត់និយមន័យ និងវិសាលភាព ២) វិធានការទូទៅ និង៣) វិធានការលើកទឹកចិត្ត សម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួមផង និងតាមករណីនីមួយៗផង ដោយផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
“វិធានការជាកញ្ចប់” នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦មក ក្នុងខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ សង្ឃឹមថា ការដាក់ចេញនូវ”វិធានការជាកញ្ចប់” របស់រាជរដ្ឋាបាលខាងលើនេះ នឹងអាចជួយដោះស្រាយវិបត្តអគារជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍, និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ របស់រាជរដ្ឋាភិបាល។ សក្តានុពលរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ, តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ), អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី» ៕ដោយ៖សហការី