ភ្នំពេញ ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី ១៨ខែតុលា ឆ្នាំ២០២៣សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ញុះញង់ » ។
សាលក្រមដែលប្រកាសដោយលោកស្រីចៅក្រម ឈុន ដាវី និងលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងក៏បានសម្រេចពិន័យប្រាក់ជនជាប់ចោទចំនួន៤លានរៀលបង់ចូលថវិការដ្ឋ និងបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើកាលណាជនត្រូវចោទមិនសុខចិត្តនិងសេចក្ដីសម្រេចនេះ ។
សូមបញ្ជាក់ថា លោក ថាច់ សេដ្ឋា ត្រូវបានតុលាការចោទប្រកាន់ពីបទ « ញុះញង់ » ដោយសារសន្តរកថា១របស់លោក ដែលថ្លែងនៅក្នុងការជួបជុំមួយនៅប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២ ដែលមានចរិត ញុះញង់ រើសអើងនៅក្នុងសង្គមខ្មែរ ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវចាប់ខ្លួន កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។
កន្លងទៅ លោកធ្លាប់បានស្នើទៅតុលាការរាជធានីភ្នំពេញ សុំតម្កល់ប្រាក់៣ម៉ឺនដុល្លារ ដើម្បីបាននៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការបានបដិសេធមិនទទួលយកសំណើសុំតម្កល់ប្រាក់នោះឡើយ។ ដោយមិនបាននៅក្រៅឃុំ មេធាវីរបស់លោក បានបន្តប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែនៅតែបរាជ័យដដែល។
បន្ទាប់មកលោកមេធាវី ជួង ជូងី បានបន្តប្ដឹងឡើងតុលាការកំពួល ហើយតុលាការបានសម្រេចមិនអោយជនត្រូវចោទនៅក្រៅឃុំ និងបញ្ជូនអោយតុលាការថ្នាក់ក្រោមជំនុំជំរះតាមច្បាប់ រហូតដល់ថ្ងៃកាត់ទោសនិងផ្ដន្ទាទោសនេះ ៕ ដោយ៖ រ៉ារ៉ា