ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា៖ ប្រទេសកម្ពុជា បាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបមានតម្លៃប្រមាណជាង៨ពាន់លានដុល្លារ មានការធ្លាក់ចុះជាង១៧% នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ,បើធៀបទៅនឹងរយៈពេល ៩ខែដូចគ្នា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ រយៈពេល៩ខែដើមឆ្នាំ២០២៣នេះ កម្ពុជា ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានតម្លៃសរុបប្រមាណ ៨,៣ពាន់លានដុល្លារធ្លាក់ចុះប្រមាណ ១៧,៦%បើធៀបទៅនឹង៩ខែដូចគ្នាឆ្នាំ២០២២ ដែលការនាំចេញមានតម្លៃប្រមាណ ១០,១ពាន់លានដុល្លារ ។
លោក កត្តា អ៊ន បានថ្លែងបន្តថា ប្រទេសដែលនាំចេញច្រើនជាងគេរួមមានអាម៉េរិក ដែលមានតម្លៃនាំចេញសរុប ៣,២ពាន់លានដុល្លារ។ បន្ទាប់មកទ្វីប អឺរ៉ុបដែលមាន២៧ប្រទេសមានតម្លៃនាំចេញសរុប ២,៣ពាន់លានដុល្លារនិងជប៉ុន មានតម្លៃនាំចេញសរុប ៦៩៣លានដុល្លារ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងដល់ចំនួន ១៧ ២៥១និងមានកម្មករនិយោជិតសរុបចំនួនជិត ១,៥ លាននាក់ ក្នុង នោះ រោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១.៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ៨៤ម៉ឺន នាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ពាន់លានដុល្លារ៕ដោយ៖សហការី