ប្រជាពលរដ្ឋ នៅខណ្ឌចំការមន សុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយកសាងហេដ្ឋារចនា សម្ព័ន្ធ ឱ្យបានលឿន

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយពួកគាត់ កសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិដ្ឋានរបស់ពួកគាត់ បានលឿន ខណៈសុំតាមរយៈវេទិការសាធារណៈនេះ មិនដែល បានដូចបំណងសោះ ដូចជាការសុំជួយធ្វើផ្លូវ ប្រព័ន្ធលូ រំដោះទឹក ពេលលិចលង់ និងការសុំបង្គោលភ្លើង បំភ្លឺសាធារណៈជាដើម។
ប្រជាពលរដ្ឋស្នើឡើងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌចំការមន នៅថ្ងៃព្រហស្បតិ៏៥កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៩ តុលា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីតំណាង ឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ
មជ្ឈមណ្ឌល កោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
វេទិកានេះ ប្រជាពលរដ្ឋបានស្នើឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយស្ថាបនាផ្លូវ ដាក់ លូ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ បុកស៊ីផាយនៅប្រឡាយបឹងត្របែក និងការជួយដោះស្រាយការលិចលង់ដោយទឹកជំនន់ទឹកភ្លៀង ខណៈការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាស មានរង្វង់មូលនៅលើអាកាស កំពុងដំណើរការ សាងសង់ ហើយបានហូរទាំងទឹកនិងថ្ម ចូលទៅក្នុងភូមិដ្ឋានរបស់ពួកគាត់ បណ្តាលឱ្យលិចលង់ ថែមទៀត ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរ ស្ពានអាកាសព្រះមុនីវង្សនេះ បានលើកឡើងថា កាលពីមិនទាន់មានការដ្ឋាន ស្ពានអាកាសព្រះមុនីវង្សនេះ ភូមិដ្ឋានរបស់ពួកគាត់ ត្រូវបានទប់ ទំនប់ការពារតែ
ខណៈ ការដ្ឋានស្ថាបនាស្ពានអាកាសព្រះមុនីវង្សនេះបានដំណើរការ ក្រុមការងាររបស់ការដ្ឋានបានកាយទំនប់ដែលទប់ទឹកនោះចេញអស់ ធ្វើឱ្យ ទឹកភ្លៀងហូរចូលភូមិដ្ឋានរបស់គាត់ ថែមទាំងនាំម្ទេចថ្មរបស់ការដ្ឋាន ចូលទៅជាមួយថែមទៀត ។ ពាក់ព័ន្ធករណី នេះ ពួកគាត់ស្នើឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរ ពាក់ព័ន្ធជួយដោះស្រាយជូនពួកគាត់ផង ។
បញ្ហានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដ្ឋានក្បែរការដ្ឋានស្ពានអាកាសព្រះមុន្នីវង្សទីតាំងនេះ មានស្ថានភាពទាប ខ្លាំង ដែលងាយនឹងទទួលរងការលិចលង់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ទីរនឹងដាក់ក្រុមការ ងារបច្ចេកទេសចុះទៅពិនិត្យជាក់ស្ដែង និង រិះរកគ្រប់វិធី ដើម្បីដោះស្រាយជូន ឬក៏អាច ប្រើប្រាស់ម៉ាស៊ីនបូមទឹកតែម្ដង។
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា វេទិកា នេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើ និងសំណូមពរដោយផ្ទាល់មាត់ ចំនួន៨នាក់ ស្មើ និង១៣បញ្ហា និងសំណើ ជាលាយលក្ខណ៍អក្សរចំនួន១២ ច្បាប់ ហើយរាល់សំណើ និងសំណូមពរ ដោយផ្ទាល់មាត់នេះ ត្រូវបានដោះស្រាយស្ទើរទាំងអស់ ។ ចំពោះ សំណើ ដែល ដោះស្រាយមិនទាន់បាន ក្រុមការងារនឹងចុះទៅសិក្សា ស្នើសុំគោលការ សម្រេចពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៏ថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសំរាប់ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតំរូវការ
អាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់នេះ វានឹងផ្តល់ផលប្រយោជន៍យ៉ាង ច្រើនទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំនិងការលើកជាសំណូមពររបស់ពួកគាត់។
លោកបានបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថាន ភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។
លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ ការបង្កើតឱ្យមានវេទិកានេះឡើង គឺក្នុងគោលបំណង សំដៅធ្វើយ៉ាងណា ឱ្យ ការគ្រប់គ្រងរាជធានី កាន់តែល្អប្រសើរ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ។ សម្រាប់ផែនការ អភិវឌ្ឍន៏ រាជធានីភ្នំពេញ ឆ្នាំ២០២៤ យើងបាន ដាក់ចេញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញ ជូនប្រជាពលរដ្ឋឱ្យ
បានដឹង បានឭ និងឃើញតាមរយៈរបាយការ ណ៍ ដែលបានចែកជូន នៅក្នុងវេទិកានេះហើយដែរ ។ ការធ្វើបែបនេះ គឺដើម្បីឱ្យ ប្រជាពលរដ្ឋដែលជាម្ចាស់របស់រាជធានីភ្នំពេញដែរនោះ បានចូលរួម ធ្វើយ៉ាងណាឱ្យរាជ ធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចំរើន និងស្របទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ៕ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print