ការដឹកនាំរបស់លោក Erik ten Hag នៅក្នុងក្រុមបិសាចក្រហម Manchester United អាចនឹងបញ្ចប់នៅក្នុងរដូវកាល២០២៣–២០២៤នេះ ដោយសារការដឹកនាំរបស់លោកក្នុងដើមរដូវកាលហាក់មិនបានទទួលលទ្ធផលល្អ ធ្វើឲ្យក្រុមរងការបរាជ័យច្រើនជាងឈ្នះ។
នៅក្នុងការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ចំនួន៨លើក ក្រុមបិសាចក្រហមឈ្នះឈ្នះ៤ និងចាញ់៤ ទទួលបានលទ្ធផលមិនល្អក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Erik ten Hag។ រីឯការប្រកួត UEFA Champions League ក្នុងរដូវកាលនេះ ២ប្រកួតគឺប៉ះ Bayern Munich និងប៉ះ Galatasaray រងការបរាជ័យដូចគ្នា។
បច្ចុប្បន្នកីឡាកររបស់ក្រុមបិសាចក្រហមមានរបួសច្រើន ព្រមតាំងកីឡាករសំខាន់ៗដូចជា Antony និង Jadon Sancho សុទ្ធសឹងតែមានបញ្ហាជាមួយនឹងក្រុម ក៏ដូចជាបញ្ហាផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់ក្រុម។ ស្របពេលដែលលទ្ធផលរបស់ក្រុមមិនទាន់ឃើញមានភាពល្អប្រសើរឡើងខ្លាំងបែបនេះ កៅអីរបស់គ្រូបង្វឹកខាងលើកាន់តែក្តៅដែលអាចនឹងបាត់បង់នៅពេលខាងមុខ។ មានបេក្ខភាពគ្រូបង្វឹក៥រូបដែលអាចនឹងមកជំនួសតំណែងរបស់លោក Erik ten Hag ប្រសិនបើរូបគាត់ចាកចេញនៅរដូវកាលនេះ។គ្រូបង្វឹកទាំង៥រូបនេះមានដូចជា៖
១–លោក Zinedine Zidane ៖ អតីតកីឡាករក្រុមជម្រើសជាតិបារាំង ធ្លាប់បានបង្ហាញសមត្ថភាពខ្ពស់របស់លោកដឹកនាំក្រុមReal Madrid ហើយបានជួយក្រុមយក្សអេស្ប៉ាញមួយឈ្នះជើងឯក Champions League ៣សម័យកាល។ មកដល់ពេលនេះលោក Zidane មិនទាន់មានក្រុមសម្រាប់ដឹកនាំឡើយ ខណៈក្រុមដែលលោកអាចនឹងដឹកនាំក្នុងនាមជាគ្រូបង្វឹកសារជាថ្មី គឺតម្រូវទៅលើក្រុមខ្លាំងៗ លើពិភពលោកដូចគ្នាដែរ។
២–លោក Roberto De Zerbi ៖ គ្រូបង្វឹករូបនេះអាចជាជម្រើសដ៏ស័ក្តសមមួយរូបសម្រាប់ជំនួសលោក Erik ten Hag នៅManchester United ដោយសារតែសមិទ្ធផលល្អៗរបស់លោកធ្លាប់បានដឹកនាំក្រុម Brighton & Hove Albion កាលពីឆ្នាំ២០២២ ដោយបានជួយ Brighton ប្រកួតនៅក្នុងពានរង្វាន់អឺរ៉ុបលើកដំបូង Europa League ជាមួយនឹងទម្រង់លេងដ៏ល្អ ដែលធ្វើឱ្យក្រុមដទៃមានភាពលំបាកក្នុងការប្រជែងទល់នឹងក្រុមនេះ។
បច្ចុប្បន្នក្រុម Brighton កាន់តែមានទម្រង់លេងខ្លាំងក្រោយពេលលោក De Zerbi ចូលដឹកនាំ បន្ទាប់ពីក្លិបបានបណ្តេញលោកGraham Potter ចេញ ហើយជួយក្រុមបន្តប្រជែងដណ្តើមកៅអីពានរង្វាន់អឺរ៉ុប។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនឹងក្លាយជាជម្រើសមួយដែរក្នុងក្រសែភ្នែកថ្នាក់ដឹកនាំក្លិបបិសាចបិសាចក្រហមដើម្បីជំនួបលោក Erik ten Hag។
៣–លោក Julian Nagelsmann ៖ គ្រូបង្វឹករូបនេះគឺជាអតីតគ្រូបង្វឹកក្រុម Bayern Munich ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ការប្រកួតពានរង្វាន់ Euro 2024 ជាតំណែងដ៏ខ្លីមួយតែប៉ុណ្ណោះ។ លោក Nagelsmann បានធ្វើយ៉ាងល្អនៅក្នុងក្រុម Bayern Munich សម្រាប់ការប្រកួតប្រជែងនៅក្នុងពានរង្វាន់ Champions League ផងដែរ។ ការដឹកនាំរបស់លោកក្នុងក្រុមយក្សអាល្លឺម៉ង់ក៏ត្រូវបានគេទទួលស្គាល់ផងដែរ តាំងពីពេលលោកបានដឹកនាំក្រុម RB Leipzig មកម្ល៉េះ ចំពោះការទិញដូរ និងដឹកនាំកីឡាករមានសមត្ថភាព។
៤–លោក Arne Slot ៖ មានសេចក្តីរាយការណ៍ថា ក្រុម Man United អាចផ្លាស់ប្តូរលោក Arne Slot ដែលកំពុងដឹកនាំក្លិបFeyenoord សម្រាប់តំណែងដឹកនាំក្រុម ប្រសិនបើពួកគេពិតជាសម្រេចចិត្តបណ្តេញលោក Ten Hag។ លោក Slot ជាគ្រូបង្វឹកមួយរូប ដែលតែងតែបង្កើតនូវកីឡាករល្អៗទៅតាមសមត្ថភាព ទៅតាមធនធាន ដែលក្លិបបានកំណត់ផ្តល់ជូន។ គ្រូបង្វឹករូបនេះត្រូវបានលោក Pep Guardiola សរសើរចំពោះទម្រង់នៃការដឹកនាំក្រុមប្រយុទ្ធដ៏ល្អ ហើយលោកបានដឹកនាំក្រុម Feyenoord ឈ្នះជើងឯកហុល្លង់ Eredivisie ផងដែរ។
៥–លោក Graham Potter ៖ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះមានភាពល្បីល្បាញអំឡុងពេលលោកបានដឹកនាំក្រុម Brighton & hove Albion ធ្វើបានល្អខ្លាំងនៅដើមរដូវកាល២០២២–២០២៣ មុនពេលលោកផ្លាស់ទៅកាន់ក្រុម Chelsea។ ពេលទៅដឹកនាំChelsea គ្រូបង្វឹករូបនេះក៏ហាក់ធ្វើមិនបានល្អ ក្រោយពេលដែលក្រុមតោខៀវ បានផ្លាស់ប្តូរនៃថ្នាក់ដឹកនាំនាពេលចុងក្រោយមកនេះ។ មកទល់នឹងពេលនេះលោកមិនទាន់មានក្លិបណាដឹកនាំនៅឡើយទេក្រោយពីចប់តំណែងនៅ Chelsea ៕ (រូបភាព ៖BBC Sport/The Sun)