ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនឥស្សរជនចំនួន៤រូប បានក្រើនរំលឹកដល់អស់លោកជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ ឲ្យបង្កើនការយកចិត្តទុកលើបញ្ហាចរាចរណ៍ ព្រោះគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់របួសនិងខូចខាតទ្រព្យសម្បត្តិនៅតែកើតឡើងគួរឲ្យកត់ សម្គាល់។
លោក គង់ សុវណ្ណ ស្ថាបនិកអង្គការខេមសេហ្វ មាន ប្រសាសន៍ថា ចំពោះអនុសាសន៍របស់រដ្ឋមន្រ្ដីក្រសួង មហាផ្ទៃ នាពេលនេះ អាចដោយសារតែចំនួន នៃការបុកប៉ះ ចំនួនមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរ ពិសេសគឺក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែកន្លងផុតទៅនាពេលថ្មីៗនេះ។ នៅចំពោះមុខបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែបន្តកើតមានឡើង ដែលឆក់យកជីវិតចន្លោះពីម្នាក់ ទៅដល់ ៩នាក់ក្នុង១ថ្ងៃនេះ លោក គង់ សុវណ្ណ យល់ថា អាជ្ញាធរត្រូវមានយន្ដការ អប់រំ លើកកម្ពស់ការផ្សព្វផ្សាយ ក្រើនរំលឹកដល់ពលរដ្ឋ និងអនុវត្តច្បាប់ជា ចាំបាច់។
លោក គង់ សុវណ្ណ មានប្រសាសន៍ថា ៖«ជាទូទៅដើម្បីចូលរួមទប់ស្កាត់ នូវការស្លាប់ របួសធ្ងន់ធ្ងរ និងពិការភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជាចាំបាច់ត្រូវមានយន្ដការណ៍ នៅក្នុងការអប់រំ លើកកម្ពស់ផ្សព្វផ្សាយយុទ្ធនាការក្រើនរំឮក ទៅដល់ប្រជាពលរដ្ឋ និងជាចាំ បាច់ត្រូវតែ រឹតបន្តឹងអនុវត្តច្បាប់ ជាពិសេសទៅលើកត្តាហានិភ័យធំៗ។ ឧទាហរណ៍ថា មូលហេតុនៃការបុកប៉ះនោះ ភាគច្រើនដោយសារតែល្បឿន ដោយសារតែការបើកបរនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ដោយសារតែទាក់ទងទៅនិង ល្មើសភ្លើងសញ្ញា អ៊ីចឹងចាំបាច់ទាមទារឲ្យដើរទន្ទឹមគ្នាការអប់រំផ្សព្វផ្សាយ ហើយនិងការអនុវត្តរឹតបន្តឹងច្បាប់ ចាំបាច់ត្រូវតែធ្វើបែបហ្នឹង»។
លោក គង់ សុវណ្ណ មានប្រសាសន៍បន្តថា ប្រទេសនៅលើពិភពលោកបានធ្វើការអប់រំផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ទទួលបានជោគជ័យរួចហើយ ប៉ុន្ដែគេត្រូវប្រើពេលវេលាយូរ។ លោកថា កន្លងទៅអំឡុងពេលដែលអាជ្ញាធរអនុវត្តការអប់រំ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ដើរទន្ទឹមគ្នា ចំនួននៃគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សម្គាល់។ តែយ៉ាងណាលោកយល់ថា នគរបាលចរាចរណ៍ គួរតែប្រើយន្ដការអប់រំជាមុនសិន មុនពេលអនុវត្តច្បាប់ចំពោះពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ ដោយហេតុថា ពេលខ្លះពលរដ្ឋអាចល្មើសដោយអចេតនា។
លោក គង់ សុវណ្ណ មានប្រសាសន៍ថា ៖«អ៊ីចឹងបកមកសង្ខេបជារួមវិញ ជីវិតមនុស្សសំខាន់ ហើយប្រទេសយើងពោរពេញទៅដោយសុខសន្ដិភាពហើយអាចធ្វើដំណើរទាំងយប់ ទាំងថ្ងៃទៅទីជិតទីឆ្ងាយ អ៊ីចឹងឥឡូវនេះ ទាមទារឲ្យចូលរួមបន្ថែមទៀតពីប្រជាពលរដ្ឋលោកក៏ត្រូវចូលរួមដែរ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំផ្សព្វផ្សាយ ខិតខំរឹតបន្តឹងហើយ អ៊ីចឹងត្រូវចូលរួមយកចិត្តទុកដាក់ទាំងអស់គ្នា។
លោកបានបន្តថា មួយទៀតមន្រ្ដីអនុវត្តច្បាប់ នគរបាលចរាចរណ៍ មេត្តាលោកថ្លឹងថ្លែងនៅក្នុងការអនុវត្តច្បាប់នោះ ត្រូវបូកនិងយុទ្ធនាការ ការរឹតបន្តឹងច្បាប់ កន្លែង ណាចាំបាច់ត្រូវអប់រំ ចង់និយាយថា កន្លែងខ្លះពលរដ្ឋគាត់ល្មើសដែរ តែវាមិនមែនដោយចេតនាទេ គឺដោយអចេតនា អ៊ីចឹងមានការអប់រំ អប់រំលើកទី១ ប្រសិនមានការកើតឡើងបែបនិងលើកទី២ មិនមែនអចេតនាទេ អ៊ីចឹងតាមជាក់ស្ដែងគាត់អាចពិន័យបានហើយ នៅក្នុងច្បាប់អត់មាននិយាយបែបនេះទេ តែវាទាមទារលើស្ថានភាពជាក់ស្ដែងដែលមន្រ្ដីអនុវត្តច្បាប់លោកអនុវត្តដើម្បីឲ្យពលរដ្ឋផ្សាំនិងការចូលរួម។ ខ្ញុំគិតថា ជាចំណុចសំខាន់គឺបែបនេះ គឺទាមទារឲ្យទាំងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ហើយទាមទារឲ្យមន្រ្ដីអនុវត្តច្បាប់អនុវត្តបែបណាដើម្បីឲ្យប្រជាពលរដ្ឋតាំងចិត្តប្ដេជ្ញាចូលរួមគោរពច្បាប់ និងមានការរីកសប្បាយចិត្តជាមួយមន្រ្ដីក្នុងការចូលរួមទប់ស្កាត់របួស និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ អ៊ីចឹងទាមទារឲ្យទាំងពលរដ្ឋ និងមន្រ្ដីអនុវត្តច្បាប់យល់គ្នា ហើយយកច្បាប់ជាគោល និងតម្លៃជីវិតជាគោល»។
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានឡើង ដែលចំនួនអ្នកស្លាប់មានចន្លោះពីម្នាក់ ទៅ ៩នាក់ ខណៈអ្នករបួសមានចន្លោះពី ៤នាក់ ទៅ២១ ឬ២៩នាក់ក្នុងមួយថ្ងៃ។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងច្រើន គេសង្កេត់ឃើញថា គឺក្នុងឱកាសនៃពិធីបុណ្យដែលមានលំហូរប្រជាពលរដ្ឋច្រើនធ្វើដំណើរ។ អ្នក ជំនាញលើកឡើងថា ការអប់រំ និងអនុវត្តច្បាប់ត្រូវបន្តធ្វើជាប់ជាប្រចាំ ហើយក៏ត្រូវការពេលវេលាដែរ ជាក់ស្ដែងដូចជាប្រទេសអូស្រ្ដាលី និងជប៉ុនជាដើម ចាយពេលរហូតដល់ ៤០ឆ្នាំទម្រាំប្រជាពលរដ្ឋមានការយល់ដឹង និងគោរពច្បាប់ចរាចរណ៍បានល្អ៕