ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក John Sapinoso អនុព័ន្ធច្បាប់ FBI និងសហការី ចូលជួបពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងជំនួបនោះ លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍លើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ពិសេសស្ថាប័ន FBI ដែលកន្លងមកបានជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា លើកិច្ចការប្រឆាំងបទល្មើសប្រឆាំងបច្ចេកវិទ្យា និងសូមឲ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ពិសេសការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ពាក់ព័ន្ធសុវត្ថិភាព សន្តិសុខ។
ក្នុងជំនួបនោះដែរ លោក John Sapinoso អនុព័ន្ធច្បាប់ FBI បានមាន ប្រសាសន៍ លើកសរសើរដល់កងកម្លាំងនគរបាលកម្ពុជា ដែលកន្លង មកបានសហការល្អជាមួយស្ថាប័ន FBI ទាំងការងារ សន្តិសុខ និងការ បណ្តុះបណ្តាល ហើយសូមឲ្យស្ថាប័ន នៃប្រទេសទាំងពីរបន្តកិច្ច សហប្រតិបត្តិការលើការងារនេះឲ្យបានល្អបន្ថែមទៀត ៕
ដោយ៖ សហការី