ក្រោយ៤ថ្ងៃកាន់អំណាចប្រធានាធិបតី Duterte មានជនល្មើស៤៥នាក់ ដែលជាអ្នកជួញដូរគ្រឿងញៀន ឆក់ប្លន់ ត្រូវបានកាត់ទោស។
បណ្តាញទូរទស្សហ្វីលីពីនកាលពីថ្ងៃទី៤ ខែកក្កដា បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ២៩នាក់ត្រូវបានកាត់ទោសចាប់ពីថ្ងៃទី៣០ ខែឧសភា មក គឺចំពេលវេលាដែលលោក Duterte ស្បថចូលកាន់តំណែង។
នេះជាយុទ្ធសាស្ត្រកណ្តាប់ដៃដែករបស់លោកក្រោយពេលលោកឡើងកាន់ដំណែង។ ទាំងនោះជាការប្តេជ្ញារបស់លោក និងជាការសន្យាមុនពេលឡើងកាន់តំណែងប្រធានាធិបតី។ នៅពេលដែលលោកឃោសនាបោះឆ្នោតលោកបានសន្យាថានឹងកម្ចាត់ក្រុមជនល្មើសក៏ដូចជាអំពើពុករលួយឲ្យអស់ពីប្រទេសរបស់លោក។
ក្រោយកាសរស្បថចូលកាន់តំណែងកាលពីថ្ងៃទី៣០ ខែមិថុនា លោក Duterte បានប្រកាសថា លោកនិងចាត់វិធានការតឹងតែងបំផុតទប់ស្កាត់បទល្មើសនិងក្រុមជួញដូរគ្រឿងញៀន។
ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានផ្សាយថា មានជនល្មើសប្រមាណ១០០នាក់ ដែលជាអ្នកជួញដូរគ្រឿងញៀន រំលោភបំពានផ្លូវភេទ លួចទ្រព្យសម្បត្តិគេ នឹងត្រូវបានកាត់ទោសប្រហារជីវិត។ ទាំងនោះគឺជាការសន្យារបស់លោកនៅក្នុងការឃោសនាបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៦។
នៅក្នុងព្រឹត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរក្នុងរយៈពេល៤ថ្ងៃកន្លងមក ដោយខ្លាចត្រូវចាប់ខ្លួនដាក់ទោស ជនជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនប្រមាណ១ពាន់នាក់បានទៅសារភាពមុខប៉ូលិសនៅតាមតំបន់ ហើយបានចុះហត្ថលេខាលើកិច្ចសន្យាថានិងឈប់ជួញដូរគ្រឿងញៀនក៏ដូចជាប្រើប្រាស់ជាដើម។
នៅមុនពេលលោក Duterte បានឡើងកាន់អំណាចលោកធ្លាប់បានលើកឡើងថា លោកនឹងជម្រុញឲ្យហ្វីលីពីនក្លាយទៅជាសហរដ្ឋ (ដូចអាមេរិក) គឺផ្តល់អំណាចដល់រដ្ឋតំបន់និមួយៗ ដើម្បីបិទបញ្ចប់ការប្រមូលផ្តុំអំណាចនៅតែក្នុងដៃរបស់ក្រុមបក្សពួកតែមួយ ។ ប្រធានាធិបតីថ្មីនេះយល់ថា ការធ្វើវិមជ្ឈការអំណាចក៏នឹងអាចបិទបញ្ចប់វិបត្តិបះបោរដណ្តើមឯករាជ្យ ដែលបានយាយីហ្វីលីពីនជារៀងរហូតមកដែរ។
លោកប្រធានាធិបតីថ្មី បាននិយាយថា ប្រព័ន្ធគ្រប់គ្រងហ្វីលីពីនបច្ចុប្បន្ននេះ វាគ្រាន់តែជាការរៀបចំដើម្បីធ្វើយ៉ាងណា ឲ្យតែបក្សពួកអ្នកមានអំណាច មានទ្រព្យសម្បត្តិនៅក្រុងម៉ានីល បន្តនៅជញ្ជក់ឈាមហ្វីលីពីនតែប៉ុណ្ណោះ។ ពួកក្រាញននាលនឹងអំណាចទាំងនោះសំងំនៅពីមួយជំនាន់ទៅមួយជំនាន់ដោយមិនបានបែងចែកអំណាចគ្រប់គ្រងជោគវាសនារបស់ហ្វីលីពីនទៅឲ្យអ្នកផ្សេងទេ។
សូមបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌុយទែរតឺ គឺជាមេធាវីអាយុ៧១ឆ្នាំ ហើយធ្លាប់ជាចៅហ្វាយក្រុង Davao ភាគខាងត្បូងហ្វីលីពីន។ ក្នុងពេលឃោសនាបោះឆ្នោត លោកបានសន្យាដាក់វិធានការឲ្យតឹងរឹងដើម្បីបោសសម្អាតអំពើឧក្រិដ្ឋកិម្ម ការជួញដូរគ្រឿងញៀន ព្រមទាំងចលនាបះបោរបំបែកទឹកដីនៅតំបន់កោះភាគខាងត្បូង។ ប្រជាជនដែលបានបោះឆ្នោតឲ្យគាត់បានគាំទ្រចង់បានមនុស្សថ្មីមកដឹកនាំប្រទេស ដែលមិនមែនជាបក្សពួករបស់អ្នកមានអំណាចមុនៗ ហើយមួយទៀត មតិសាធរណៈយល់ថា លោក រ៉ូឌ្រីហ្គោ ឌុយទែរតឺ ពិតជាមិនមែនជាមនុស្សល្មោភអំណាចនោះទេ។
គម្រោងធ្វើវិសោធនកម្មកែប្រែហ្វីលីពីនជារដ្ឋសហព័ន្ធនេះហាក់ទទួលបានការគាំទ្រពីក្រុមឧទ្ទាមផ្តាច់ខ្លួនធំៗ។ តែយ៉ាងណាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវតែឆ្លងកាត់ការគាំទ្រពីសភាទាំងពីរអង្គរបស់ហ្វីលីពីន។ រដ្ឋធម្មនុញ្ញហ្វីលីពីនដែលបានកែប្រែកាលពីឆ្នាំ១៩៨៧ នោះ មិនដែលបានទទួលវិសោធនកម្មម្តងទេ៕
ប្រែសម្រួល៖ សាធី