ខេត្តស្វាយរៀងះ មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ ហើយរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យបន្ទាប់ពីមានបុរសជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ម្នាក់ស្លាប់ដែលគេសង្ស័យថាគាំងបេះដូងនៅក្រុងបាវិត។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៥៥នាទី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នៅអគារB បន្ទប់លេខ១៩ ជាន់ទី៥ ក្នុងបរិវេណកាសុីណូ
ម៉ុកបាយ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសខាងលើមានឈ្មោះឈឹម សីហា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូម៉ុកបាយ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១១០០១៧៧៦ មានទីលំនៅផ្ទះលេខ១២ ផ្លូវលេខ៤៣០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នសា្នក់នៅអគារ B បន្ទប់លេខ១៩ ជាន់ទី៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ដែលបានរាយការណ៍មកសមត្ថកិច្ចថា មានករណីមនុស្សដេកស្លាប់នៅអគារB បន្ទប់លេខ១៩ ជាន់ទី៥ ក្នុងបរិវេណកាសុីណូម៉ុកបាយ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ត្រីស្នងរងទទួលផែនការងារព្រហ្មទណ្ឌខេត្តបានដឹកនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុនិងកម្លាំងជំនាញនគរបាលយុតិ្តធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តនិងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គណ:កម្មកាកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូដោយមានការសម្របសម្រួលនីតិវិធីពីលោក ឈីវ អុិចគង់ ព្រះរាជអាជា្ញរងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យលើសាកសព។
ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ គណៈកម្មការចម្រុះបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង ដែលអាចបណ្តាលមកពីកង្វះកាល់ស្យូមនិងប៉ូតាស្យូម។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយសុថាន