ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សូមជម្រាបជូនសាធារណជនអំពីព័ត៌មានស្ដីពីស្ថាន ភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាសង្ខេបដូចខាងក្រោម៖
១. ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ កម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ ឯក ភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ ។ ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ – ជាច្បាប់កំពូលរបស់រដ្ឋ ដែលមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន និងបានកើតចេញពី ឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ។ គ្រប់និន្នាការនយោបាយបានផ្តល់នូវគុណតម្លៃនៃមូលដ្ឋានគ្រឹះ គឺប្រជាធិប តេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដោយបញ្ចូលទាំងស្រុងនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលក្នុងនោះ ជំពូកទី៣នៃរដ្ឋធម្មនុញ្ញ ចាប់ពីមាត្រា៣១ ដល់មាត្រា៥០ បានចែងអំពីសិទ្ធិមនុស្ស ទាំងស្រុង ដែលសូម្បីតែទោសប្រហារជីវិតមិនត្រូវមានឡើយ។
២. ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនិងកិច្ច សហការអន្តរជាតិ កម្ពុជាបានផ្តល់សច្ចាប័នទទួលយកសន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញាទាំងឡាយ ដែលទាក់ទងនឹងសិទ្ធិមនុស្ស មានចំនួន៨ ក្នុងចំណោម៩ រួមមាន៖
១. អនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍
២. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
៣. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
៤. អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី
៥. អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ ឬបន្ថោកបន្ទាប
៦. អនុសញ្ញាស្តីពីសិទ្ធិកុមារ
៧. អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព
៨. អនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។
៣. កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគ្រប់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាមួយនឹង ស្ថាប័ន សន្ធិសញ្ញាផ្សេងៗទៀត។ ឧទាហរណ៍ ចាប់តាំងពីឆ្នាំ១៩៩៣ កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ អាស៊ានដែលបានស្វាគមន៍ទាំងវត្តមានអ្នករាយការណ៍ពិសេស ព្រមទាំងការិយាល័យឧត្តមស្នងការទទួល បន្ទុកសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយដែលអាណត្តិអ្នករាយការណ៍ ពិសេស និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបាន អនុញ្ញាតឱ្យបន្ត ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះ កម្ពុជាក៏មិនដែលបានបដិសេធចំពោះ សំណើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសណាមួយឡើយ។
៤. បន្ថែមពីនេះ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងយន្តការសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន បានធ្វើការរៀបចំ និងដឹកនាំកិច្ចប្រជុំនានា របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា (AICHR) ដោយជោគជ័យក្នុងឆ្នាំ២០២២ កន្លងទៅនេះ។
៥. សុខសន្តិភាពជាមូលដ្ឋានគ្រឹះនៃការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យ៖ កម្ពុជាក្នុងអតីតកាលជាប្រទេសដែលល្បីល្បាញក្នុងវាលពិឃាត ជាតំបន់អសន្តិសុខ គ្រោះថ្នាក់ដោយសារ គ្រាប់មីន មានអត្រាខ្ពស់ក្នុងជំងឺឆ្លង ដូចជាគ្រុនចាញ់និងអេដស៍។ល។ ប៉ុន្តែក្នុងរយៈពេល២៥ឆ្នាំចុង ក្រោយនេះ (១៩៩៨-២០២៣) កម្ពុជាបានប្រែក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ មានសន្តិភាពពេញលេញ មាននីតិរដ្ឋ និងស្ថិរភាពនយោបាយ ដែលមានព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សស្របតាមបរិបទនៃសង្គមខ្មែរ។ កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀង ទាត់ក្នុងរយៈពេល៥ឆ្នាំម្តង ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសេរីភាពនយោបាយធានា ដោយច្បាប់។ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សសរុបចំនួន ១៨ គណបក្ស បានចូលរួមប្រកួតប្រជែង ហើយបានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មាន ការគំរាមកំហែង និងមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានអត្រាខ្ពស់រហូតដល់ជាង៨៤%។
៦.កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពរវាងគណបក្សនយោបាយចំនួន២៨ ដែលបានចុះ ហត្ថលេខានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការលើក កម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់និងយុត្តិធម៌ សាមគ្គីជាតិ ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីលំហសិទ្ធិសេរីភាព និងភាពចាស់ទុំនៃដំណើរការប្រជា ធិបតេយ្យ ក្រោមពន្លឺនៃសន្តិភាព។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា