ភ្នំពេញ៖ មិនទាន់នឹងធ្វើការដាក់បញ្ចាំងជាផ្លូវការផង ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ឥន្ទ្រានិមិ្មតហ្វីលម៍ គឺរឿង «កំណត់ហេតុនាងនាថ» ទទួលបានការគាំទ្រច្រើនលើសលប់។ ផលិតករ និងសិល្បករបានដាក់ក្តីរំពឹងខ្ពស់ជាមួយនឹងខ្សែភាពយន្តនេះថានឹងផ្ទុះការគាំទ្រខ្លាំងនៅចុងឆ្នាំ២០១៦នេះ។
អ្នកនិពន្ធ និងដឹកនាំរឿងវ័យក្មេងលោក ចាន់ ណារ៉ូណាន់ បានបញ្ជាក់ថា លោកពិតជាមានការភ្ញាក់ផ្អើលគ្រាដែលលោកបានបង្ហោះត្រឹមរូបថត ដែលជាឈុតឆាកនៃការសម្តែងនេះមួយចំនួនប៉ុណ្ណោះគឺទទួលបានគាំទ្រច្រើនលើសលុប។ លោកថា រូបថតដែលដាក់បង្ហោះក្នុងបំណងផ្សព្វផ្សាយទាំងនោះមានអ្នកចូលមើលរាប់សែននាក់ និងរាប់ម៉ឺននាក់ចុច Like និង Shar ។
លោកបញ្ជាក់ថា លោកពិតជាមានការរំពឹងខ្ពស់ជាមួយខ្សែភាពយន្តនេះព្រោះតែទាំងការនិពន្ធសាច់រឿងថ្មីប្លែក ការដឹកនាំ បច្ចេកទេស ប្លង់ និងទិដ្ឋភាពទេសភាពត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីប្រាកដថាវាគឺជាខ្សែភាពយន្តដែលលេចធ្លោរសម្រាប់ចុងឆ្នាំនេះ។ លោកបញ្ជាក់ថា មានអ្នកគាំទ្រជាច្រើនបានសំណូមពរឲ្យខ្សែភាពយន្តនេះដាក់បញ្ចាំងឲ្យបានឆាប់ខណៈដែលរោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញក៏ស្នើឲ្យពន្លឿនបញ្ចប់ការផលិតផងដែរ។
លោកបញ្ជាក់ទៀតថា ការថតបានបញ្ចប់ហើយ ប៉ុន្តែការកាត់តបញ្ចូលសំឡេងមួយចំនួននឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដែលយ៉ាងយូរនឹងត្រូវដាក់បញ្ចាំងនៅរោងភាពយន្តទំនើបៗនៅចុងខែកក្កដា ឬដើមខែសីហាខាងមុខនេះ។ លោកបន្តថា រហូតមកដល់ពេលនេះខ្ទង់ចំណាយនៃការផលិតបានឡើងដល់ប្រមាណជាង៦ម៉ឺនដុល្លារហើយអាចនឹងកើនឡើងដល់ប្រមាណជាង៧ម៉ឺនដុល្លារទើបរួចរាល់។ លោកបញ្ជាក់ថា ក្រោយដាក់បញ្ជាំងនៅភ្នំពេញនិងខេត្តសៀមរាប លោកក៏គ្រោងនឹងធ្វើការដាក់បញ្ចាំងនៅតាមបណ្តាខេត្តជាច្រើនទៅតាមសំណូមពររបស់អ្នកគាំទ្រផងដែរ។ អ្នកនិពន្ធវ័យ៣០ឆ្នាំរូបនេះបញ្ជាក់ថា ក្រោយពីសម្ពោធដាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តរឿង «កំណត់ហេតុនាងនាថ» នេះផលិតកម្មលោកក៏នឹងចាប់ផ្តើមចេញផលិតខ្សែភាពយន្តទីពីររបស់ខ្លួនបន្តទៀតគឺរឿង «សរសរក្រឡោង»។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ឥន្ទ្រានិមិ្មតហ្វីលម៍ រឿង «កំណត់ហេតុនាងនាថ» បានរៀបចំពិធីក្រុងពាលីបើកការផលិតខ្សែភាពយន្តខាងលើកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៦។ តារាសម្តែង បង្ហាញម៉ូត និងពិធីករ កញ្ញា ណាតាហ្សា និងមានវត្តមានតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនទៀតចូលរួមសម្តែងផងដែរ៕
https://www.facebook.com/nkdnews/posts/580984502061288
ដោយ៖ វឌ្ឍនា