ខ្សែបម្រើកណ្តាលរបស់ Newcastle និងអ៊ីតាលី Sandro Tonali ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ហាមឃាត់រយៈពេល១០ខែពីបទបំពានច្បាប់ភ្នាល់។ កីឡាករ វ័យ២៣ឆ្នាំរូបនេះ នឹង មិន មាន សិទ្ធិ លេង ម្ដង ទៀត រហូត ដល់ ខែ សីហា ហើយនឹង មិន អាច ចូល លេង ក្នុង ព្រឹត្តិការណ៍ Euro 2024 នៅ រដូវ ក្ដៅ ក្រោយ ប្រសិន បើ អ៊ីតាលី មាន សិទ្ធិ ចូល លេង។ Tonali បានចូលរួមជាមួយ Newcastle ពី AC Milan ក្នុងខែកក្កដាក្នុងតម្លៃ៥៥លានផោន។ កាលពីដើមខែនេះ ខ្សែបម្រើ Nicolo Fagioli របស់ Juventus បានទទួលបម្រាមរយៈពេល៧ខែពី FIGC ផងដែរសម្រាប់ការបំពានលើការភ្នាល់ដូចគ្នានេះ។
FIGC បានបញ្ជាក់ថា Tonali បានបំពានច្បាប់ដែលហាមឃាត់អ្នកលេងភ្នាល់លើព្រឹត្តិការណ៍បាល់ទាត់ដែលរៀបចំដោយ FIGC, Uefa និង Fifa ហើយគាត់ក៏ត្រូវបានពិន័យជាប្រាក់ចំនួន២០,០០០អឺរ៉ូផងដែរ។ រដ្ឋអាជ្ញាសហព័ន្ធ និង Tonali បានយល់ព្រមលើការដកសិទ្ធិរយៈពេល១៨ខែ ដែលរយៈពេល៨ខែនឹងត្រូវបានផ្លាស់ប្តូរទៅជាផែនការព្យាបាលដើម្បីជួយការងើបឡើងវិញពីការញៀនល្បែង។ នោះនឹងរួមបញ្ចូលការបង្ហាញខ្លួនជាសាធារណៈយ៉ាងហោចណាស់១៦ដងនៅក្នុងប្រទេសអ៊ីតាលី នៅសមាគមកីឡាស្ម័គ្រចិត្ត និងមជ្ឈមណ្ឌលដែនដីសហព័ន្ធដែលជាកន្លែងដែលគាត់នឹងត្រូវបានរំពឹងថានឹងនិយាយទៅកាន់កីឡាករវ័យក្មេងអំពីគ្រោះថ្នាក់នៃការភ្នាល់។
ប្រធាន FIGC លោក Gabriele Gravina បាននិយាយក្នុងបទសម្ភាសន៍ពីសារព័ត៌មានអ៊ីតាលីថា “ការចរចា និងលក្ខខណ្ឌនៃការពន្យារពេលត្រូវបានយកមកពិចារណា ហើយការសហការគ្នារបស់កីឡាករបានឈានឡើងលើសពីនេះទៅទៀត ដូច្នេះយើងត្រូវតែបន្តគោរពច្បាប់ដែលយើងបានបង្កើតសម្រាប់ខ្លួនយើង“។
Fagioli របស់ Juventus មានរយៈពេល៥ខែជាប់ពិន័យព្យួររយៈពេល១ឆ្នាំ ហើយត្រូវបានពិន័យជាប្រាក់ចំនួន១២,៥០០អឺរ៉ូ។Fagioli ក៏បានយល់ព្រមលើផែនការព្យាបាលយ៉ាងហោចណាស់៦ខែដើម្បីដោះស្រាយបញ្ហាល្បែងរបស់គាត់។
Tonali និងខ្សែបម្រើ Nicolo Zaniolo ដែលកំពុងខ្ចីជើងនៅ Aston Villa ពី Galatasaray បានចាកចេញពីជំរុំហ្វឹកហាត់របស់ប្រទេសអ៊ីតាលីកាលពីថ្ងៃទី១២ ខែតុលា បន្ទាប់ពីត្រូវបានប្រាប់ថាពួកគេពាក់ព័ន្ធនឹងការស៊ើបអង្កេតដោយព្រះរាជអាជ្ញាអ៊ីតាលី។ក្នុងអំឡុងពេលបីឆ្នាំនៅ San Siro Tonali បានជួយ AC Milan ឈ្នះជើងឯក Serie A ជាលើកដំបូងរបស់ពួកគេសម្រាប់រយៈពេល១១ឆ្នាំក្នុងឆ្នាំ២០២១–២០២២ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន។
គាត់បានចេញពីកៅអីក្នុងអំឡុងពេលដែល Newcastle ចាញ់ ១–០ ដោយ Borussia Dortmund ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។ Tonali បានបង្ហាញខ្លួន១២លើកសម្រាប់ក្រុមរបស់លោក Eddie Howe ចាប់តាំងពីក្លាយជាកីឡាករថ្លៃបំផុតទី២របស់ក្លិប។
ថ្លែងមុនពេលការប្រកួត Premier League ចុងក្រោយរបស់ Newcastle ដែលជាជ័យជម្នះ ៤–០ លើ Crystal Palace លោកHowe បាននិយាយថា Tonali បានស៊ូទ្រាំនឹងពីរសប្តាហ៍ដ៏លំបាក។ លោក Howe បន្ថែមថា “គាត់បានដោះស្រាយច្រើន ហើយតាមអ្វីដែលខ្ញុំឃើញ ពីពីរបីម៉ោងក្នុងមួយថ្ងៃ គាត់គ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ ហើយកំពុងដោះស្រាយជាមួយនឹងអារម្មណ៍យ៉ាងខ្លាំងមិនគួរឱ្យជឿ” ។
ក្រុមសារិការព្រៃ Newcastle ដែលកំពុងឈរលេខរៀងទី៦ក្នុង Premier League នឹងធ្វើដំណើរទៅជួបក្រុម Wolves នៅថ្ងៃសៅរ៍ នេះមុនពេលជួប Manchester United ក្នុងជុំទី៤ នៃពានរង្វាន់ League Cup នៅថ្ងៃពុធ ៕ (រូបភាព ៖ BBC Sport)