ភ្នំពេញ : សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមី រ៉ាតអារ៉ាប់រួម។
សេចក្តីព្រាងច្បាប់ ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរៀបចំឡើងចំនួន ៣មាត្រា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ រវាងរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាព ក្នុងការ ធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ទាក់ទាញទីផ្សារពីតំបន់បង្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ព្រមទាំងជួយជំរុញនិងទាក់ទាញក្រុមហ៊ុនវិនិយោគ និងភ្ញៀវទេសចរពីអេមីរ៉ាតអារ៉ាប់រួម មកកាន់កម្ពុជាផងដែរ។
បញ្ហាផ្សេងៗ៖
សម្ដេចធិបតី បានថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័ន ពាក់ព័ន្ធ ដែលបានអន្តរាគមទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និង បានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។
-សម្ដេចធិបតី បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរង ការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ។
-សម្ដេចធិបតី ក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន។
-សម្ដេចធិបតី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនសកម្មភាពទាក់ទាញទេសចរណ៍ ជាពិសេសពង្រឹងការគ្រប់គ្រងតំបន់អង្គរឱ្យបានកាន់តែល្អប្រសើរ។
-សម្ដេចធិបតី ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំពិធី បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបាន អធិកអធម ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ ប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អ៕
ដោយ : សុខ ខេមរា