សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគ្រប់គោលនយោបាយនិងការអភិវឌ្ឍទាំងអស់របស់គណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋ គឺសំដៅជួយទៅដល់ប្រជាពលរដ្ឋទាំង ១៧លាននាក់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅក្រុមប្រឆាំងដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា អភិវឌ្ឍន៍ដើម្បីតែបក្សពួកនិងក្រុមអ្នកមានអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។

សម្ដេចធិបតីបានទទួលយក និងបានបកស្រាយថាបក្ខពួករបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋខ្មែរទាំងមូល ហើយអ្នកដែលមានអំណាចក៏ជាប្រជាពលរដ្ឋខ្មែរផងដែរ។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគ្រប់គោលនយោបាយនិងការអភិវឌ្ឍទាំងអស់របស់គណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋ គឺសំដៅជួយទៅដល់ប្រជាពលរដ្ឋទាំង ១៧លាននាក់នៅកម្ពុជា។
សម្ដេចថា៖ «និយមន័យរបស់អ្នកឯងចង់ចោទខ្ញុំ! ប៉ុន្តែអ្វីដែលខ្ញុំធ្វើគឺបក្សពួករបស់ខ្ញុំ ១៧លាននាក់»។
សម្ដេចថា សម្ដេចបកស្រាយនេះគឺមិនមែនតែដើម្បីខ្លួនរបស់សម្ដេចនោះទេ ក៏ប៉ុន្តែដើម្បីការពាររាជរដ្ឋាភិបាលនិងមន្ត្រីដែលបានខំធ្វើការជួយប្រជាពលរដ្ឋផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពរីកចម្រើនរបស់ប្រទេសមិនមែនសំដៅទៅលើអគារខ្ពស់ៗនោះទេតែគឺជាចំណូលរបស់ប្រជាពលរដ្ឋ។
សម្ដេចបានថ្លែងថា ៖ ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងគឺជាដល់គោលដៅរបស់រាជរដ្ឋាភិបាលហើយចំណូលរបស់ប្រជាពលរដ្ឋនេះហើយទើបអាចវាយតម្លៃថាប្រទេសជាតិរីកចម្រើនទៅបាន។
សម្ដេចថា៖ «ជំរុញនូវចំណូលរបស់ប្រជាពលរដ្ឋឲ្យឈានឡើងទើបប្រទេសយើងអាចរីកចម្រើនបាន»។
សម្ដេចបន្ថែមថា កម្ពុជាសុខចិត្តដាក់ទិសដៅឲ្យខ្ពស់ដើម្បីឲ្យខិតខំប្រឹងធ្វើការធ្វើឲ្យសម្រេចនូវគោលដៅនេះ។
កម្ពុជាមានគោលដៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលជាការប្ដេជ្ញាចិត្តមួយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើការនិងជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបាននៅក្នុងឆ្នាំទាំងនេះ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print