សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការលះបង់របស់អ្នកដោះមីនពិតជាគួរឱ្យគោរព គ្រាប់មីន១គ្រាប់ដែលបានដោះស្មើជួយសង្រ្គោះជីវិតមនុស្សម្នាក់ កុំឱ្យគ្រោះថ្នាក់ដោយសារមីន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការលះបង់របស់ប្រតិបត្តិករដោះមីនពិតជាគួរឱ្យគោរព ដោយសារតែគ្រាប់មីន ១គ្រាប់ ដែលបានដោះចេញពីដីស្មើជួយសង្រ្គោះជីវិតមនុស្សម្នាក់កុំឱ្យគ្រោះថ្នាក់ដោយសារមីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករកំចាត់មីនទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តដែលបានធ្វើដីដែលមានគ្រោះថ្នាក់ក្លាយជាទីលានមានសុវត្ថិភាព អាចធ្វើកសិកម្ម និងអភិវឌ្ឍន៍បាន។

សូមបញ្ជាក់ថា ៖ គោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥ បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុក ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ កំពង់ស្ពឺ ក្រោយសន្តិភាពបានប្រែក្លាយពីតំបន់ចម្ការមីន ទៅចម្ការដំណាំ តំបន់ឧស្សាហកម្ម សាលាហ្វឹកហ្វឺន និងស្ថាប័ននានាជាច្រើនទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។
សម្ដេចធិបតី លើកថា ៖ សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះផ្សេងទៀតជាមួយ កន្លែង ខ្លះដាក់មានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។

សម្ដេចធិបតី ៖ កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖ កម្ពុជាមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសល កម្ពុជាមិនមានឱកាសបង្ហាញ។ សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ៖ ការអភិវឌ្ឍប្រកបដោយសមធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ទទួលបានទាំងអស់គ្នា ជាគោលដៅដែលរាជរដ្ឋាភិបាលចង់បាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print