ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រព័ត៌មាន IPN Watch និងបណ្តាញសារព័ត៌មានមួយចំនួនទៀត ដែលបានបង្ហោះវីដេអូ អមដោយខ្លឹមសារថា ក្មេងទំនើងមួយកាន់.កាំ.បិត.ប៉័ង.តោ ដេញកាប់គ្នាពេញផ្លូវ ក្តិបបងធំប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ចេញមកហើយ។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងទាំងនោះជាបន្ទាន់។
សមត្ថកិច្ចបញ្ជាក់ថា ជាលទ្ធផល៖
នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធបានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់ហើយ។
ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប៕
ដោយ : សហការី