ខេត្តកំពង់ស្ពឺ÷ ពលរដ្ឋប្រទះឃើញសាកសពអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោតមកទើនៅគល់ស្ពានថ្មីស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។
បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥៧នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
សមត្ថកិច្ចបានស្រង់សាកសពដែលអណ្តែក្នុងស្ទឹងព្រែកត្នោតនេះយកមកពិនិត្យមើល ហើយបានស្គាល់អត្តសញ្ញាណហើយ។
បើតាមសម្តីស្ត្រីឈ្មោះ កន សុផល អាយុ៣២ឆ្នាំរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាននិយាយថា សាកសពដែលពលរដ្ឋប្រទះឃើញនេះពិតជាសាកសពឪពុកគាត់ពិតប្រាកដមែន
ហើយគាត់មានឈ្មោះ សឹម កន ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ។
ស្ត្រីខាងលើបានបន្តទៀតថា ឪពុករបស់គាត់បានវង្វេងដើរចេញពីផ្ទះតាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣មកម្ល៉េះ ហើយពួកគាត់បាននាំគ្នាដើររករហូតមកដល់នេះរយៈពេល១២ថ្ងៃទើបឃើញសាកសព បន្ទាប់ពីមានប្រជាពលរដ្ឋអ្នកដើររើសអេតចាយនៅគល់ស្ពានខាងលើទើបប្រទះហើយបានរាយ៍ការណ៍ជូនសមត្ថកិច្ច ទើបដឹងដល់ពួកគាត់តែម្តងទៅ។
ក្រោយពីស្រង់សាកសពចេញពីក្នុងទឹកស្ទឹងព្រែកត្នោតមន្ត្រីជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានពិនិត្យសាកសពខាងលើនេះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន មិនមានពាក់ព័ន្ធករណីឃាតកម្មឡើយ។
ព្រមទាំងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ÷ចន្ទ លីហ្សា