ខេត្តកំពង់ស្ពឺ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប។
ក្នុងជំនួបនាឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពី យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ស្របជាមួយគ្នានេះ ក្រសួងក៏បានរៀបចំកំណែទម្រង់ដោយមាន ផែនការអាទិភាពចម្បង ២ចំណុចធំៗ អមដោយយន្តការសម្រាប់អនុវត្តចំនួន ៤ចំណុចផ្សេងទៀត រួមមាន៖ (១) ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងអភិវឌ្ឍន៍ធនធានមនុស្ស (២) ពិពិធកម្មនៃប្រភពធនធានថវិកា ពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា (៣) ពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស និង (៤) ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសការងារ ដល់មន្ត្រីមានស្នាដៃ និងបានផ្តល់ជូននូវសម្ភារ ផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន មួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ និងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ដោយ៖សហការី