ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានទទួលការវះកាត់កាលពីថ្ងៃសុក្រ បន្ទាប់ពីបានរងរបួសសរសៃចងឆ្អឹង (ACL) និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គាត់ក្នុងកាតព្វកិច្ចអន្តរជាតិ។ កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានបង្ខំឱ្យចាកចេញអំឡុងពេលប្រកួតជម្រុះ World Cup របស់ប្រេស៊ីលជាមួយអ៊ុយរូហ្គាយកាលពីពីរសប្តាហ៍មុន មុនពេលការស្កេន MRI បញ្ជាក់ពីទំហំនៃរបួសរបស់គាត់។
កីឡាកររបស់ក្រុម Al-Hilal រូបនេះត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Belo Horizonte ដោយបុគ្គលិកពេទ្យក្រុមជម្រើសជាតិប្រេស៊ីល ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គាត់បានត្រូវចេញពីមន្ទីរពេទ្យនៅថ្ងៃសៅរ៍ដើម្បីចាប់ផ្តើមការសម្រាកឲ្យជាសះស្បើយរបស់គាត់ ដែលរំពឹងថា នឹងមានរយៈពេលរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤។
Neymar បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ជាមួយកូនពីរនាក់របស់គាត់ ហើយដាក់ចំណងជើងថា “អ្វីៗនឹងល្អ“។Neymar បានចូលរួមជាមួយក្លិប Saudi Pro League កាលពីខែសីហាក្នុងតម្លៃ៩០លានអឺរ៉ូ (៩៦លានដុល្លារ) ប៉ុន្តែអតីតកីឡាករ Barcelona និង Paris St Germain លេងបានតែ៥ប្រកួតប៉ុណ្ណោះដោយសារតែគាត់មានបញ្ហារបួសសាច់ដុំ ៕ (រូបភាព៖ Reuters/CNA)